• Cambodia Peace Channel

ណូរ៉ុន ចង់ជាប់ជម្រើសជាតិជាថ្មី ពិសេសស៊ីហ្គេមឆ្នាំនេះ ខណៈឆ្នាំក្រោយលើសអាយុហើយ

ភ្នំពេញ៖ក្រោយជួយក្លិបបឹងកេតលើកពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៣ ឆ្នាំ២០១៩ ថ្នាក់ជាតិ នៅកីឡដ្ឋាន ស្មាត អ.អេស.អិន កាលពីថ្ងៃទី៦ ខែវិច្ឆិកា វេលាម៉ោង ៦៖០០នាទីល្ងាចមិញនេះ ខ្សែប្រយុទ្ធមុតស្រួចរបស់បឹងកេត កីឡាករ ម៉ាត់ ណូរ៉ុន សម្តែងការសប្បាយរីករាយខ្លាំងបំផុតក្នុងការរួមចំណែកដ៏អស្ចារ្យជួយក្លិបឈ្នះពាននេះ។

ណូរ៉ុន បានឲ្យ CPC NEWS ដឹងនាថ្ងៃទី៧ ខែវិច្ឆិកា នេះថា “ក្រោយជាពីរបួស ហើយជួយក្លិបលើកពាននេះ ខ្ញុំសប្បាយខ្លាំងមែនទែន ព្រោះការផ្លាស់ប្តូរពីអគ្គិសនីមកបឹងកេតនេះ គឺចង់លើកពាននេះឯង”។ ខ្សែប្រយុទ្ធរូបនេះ បញ្ជាក់យ៉ាងច្បាស់ របួសរបស់គេបានជាសះស្បើយ១០០%ហើយ។

ខ្សែប្រយុទ្ធកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកស្នេហាវិស័យកីឡាបាល់ទាត់ និងជាសមាជិកជម្រើសជាតិកម្ពុជាផងនោះ មានបំណងចង់ជាប់ជម្រើសជាតិជាថ្មី ពិសេសស៊ីហ្គេមឆ្នាំនេះក្រោយញាំញីដោយរបួសជិតមួយរដូវកាល។ ណូរ៉ុន បញ្ជាក់ថា “ខ្ញុំចង់ជាប់ជម្រើសខ្លាំងណាស់ ពិសេសស៊ីហ្គេម បើលើកនេះអត់ជាប់ទេនោះ គឺអស់ឱកាសលេងស៊ីហ្គេមហើយ ព្រោះឆ្នាំក្រោយអាយុខ្ញុំលើស តែអត់ជាប់ឆ្នាំនេះទេស្តាយណាស់ ខ្ញុំចង់លេងស៊ីហ្គេម”

សូមជម្រាបថា ការប្រកួតវគ្គផ្តាច់ព្រ័តរវាង បឹងកេត និងព្រះខ័នរាជស្វាយរៀង នៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៣ ឆ្នាំ២០១៩ យប់មិញនេះ ខ្សែប្រយុទ្ធ ម៉ាត់ ណូរ៉ុន ប្តូរចូលជំនួសកីឡាករ ចាន់ វឌ្ឍនាកា នៅដើមតង់ទី២ ហើយកីឡាកររូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អ ទោះបីបឹងកេតទទួលបានកាតក្រហមម្នាក់ក្តី៕