• Cambodia Peace Channel

សូមប្រុងប្រយ័ត្ន ! ថ្ងៃនេះ​ ក្រសួងសុខាភិបាលរកឃើញមានអ្នកឆ្លងវីរុសកូវីដ-១៩ ថ្មី ម្នាក់ ជាជនជាតិឥណ្ឌូណេស៊ី​

ភ្នំពេញ៖បុរសជាជនជាតិឥណ្ឌូណេស៊ីម្នាក់ ត្រូវបានក្រសួងសុខាភិបាលរកឃើញថា បានឆ្លងវីរុសកូវីដ-១៩ កាលពីថ្ងៃទី៧ ខែតុលា ម្សិលមិញ។ នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ នេះ។

ក្រសួងសុខាភិបាលបញ្ជាក់ថា បុរសជាជនជាតិឥណ្ឌូណេស៊ីរូបនេះ ស្នាក់នៅសណ្ឋាគារមួយក្នុងក្រុងព្រះសីហនុ និងជាអ្នកធ្វើដំណើរមកពី​ប្រទេសឥណ្ឌូណេស៊ី តាមជើងហោះហើរពី​ប្រទេសសាំងហ្គាពួ មកដល់កម្ពុជា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ កន្លងទៅ។

បច្ចុប្បន្ននេះ បុរសជនជាតិឥណ្ឌូណេស៊ី ទើបរកឃើញឆ្លងវីរុសកូវីដ-១៩ ថ្មីនេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ខណៈអ្នករួមដំណើរទាំង ១១២នាក់ផ្សេងទៀត ត្រូវបានដាក់ឲ្យធ្វើចក្តាឡីស័កចំនួន ១៤ថ្ងៃ នៅវិទ្យាល័យបូរី ១០០ខ្នងចំនួន ៤៩នាក់ សណ្ឋាគារមួយក្នុងរាជធានីភ្នំពេញចំនួន ៣២នាក់ សណ្ឋាគារមួយទៀតនៅភ្នំពេញចំនួន ១៩នាក់ សណ្ឋាគារផ្សេងទៀតនៅភ្នំពេញចំនួន ៩នាក់ សណ្ឋាគារមួយផ្សេងទៀតនៅភ្នំពេញចំនួន ២នាក់ និងនៅស្ថានទូតសាំងហ្គាពួចំនួន ១នាក់៕