អាមេរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលី លួចប្រជុំគ្នាស្ងាត់ៗពិភាក្សាបញ្ហាចិន
តូក្យូ៖លោកប្រមុខការទូតអាមេរិក ត្រូវបានបំព្រួញឲ្យខ្លីវិញ ដោយលោកបានរក្សាទុកតែការទៅទីក្រុងតូក្យូ និងលុបចោល ការធ្វើដំណើរទៅកូរ៉េខាងត្បូង និងម៉ុងហ្គោលី។ នេះក៏ដោយសារតែបញ្ហាចលាចលនៅវ៉ាស៊ីនតោន ក្រោយពេលដែលលោកដូណាល់ ត្រាំ បានឆ្លងជំងឺកូវីដ១៩ និងបានចូលសម្រាកពេទ្យ។
បើយោងតាមទីភ្នាក់ងារព័ត៌មានក្យូដូ ព្រឹកថ្ងៃទី៦តុលាកន្លងទៅ នៅតូក្យូ លោកម៉ៃ ប៉ុមប៉េអូ បានជួបប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ឥណ្ឌា និងអូស្ត្រាលី។ ក្នុងពេលប្រជុំនេះ លោកម៉ៃ ប៉ុមប៉េអូ បាននិយាយរិះគន់ចិនជាខ្លាំង។ ដូចគ្នាដែរ លោកស្រីប្រមុខការទូតអូស្ត្រាលី បានលើកឡើង អំពីសកម្មភាពឈ្លានពាន វាទទីរបស់ចិន នៅក្នុងតំបន់ប៉ាស៊ីហ្វិក ដែលប្រការនេះ បានប៉ះពាល់យ៉ាងខ្លាំង ដល់ប្រទេសផ្សេងទៀតក្នុងតំបន់។
សូមបញ្ជាក់ថា ក្រុម៤ប្រទេស (Quad) សហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលី ជាក្រុមក្រៅផ្លូវការ ត្រូវបានផ្តួចផ្តើមឡើងដោយលោកស៊ីន ហ្សូអាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅឆ្នាំ២០១៩។ ទោះបីជាក្រៅផ្លូវការ និងគ្មានកម្មវត្ថុអ្វីច្បាស់លាស់ តែគ្រប់គ្នាអាចដឹងបានថា ក្រុមនេះជាក្រុមប្រទេសដែលជួបប្រជុំនិយាយគ្នា ដើម្បីទប់ទល់ជាមួយចិន។ ទាំងជប៉ុន ទាំងឥណ្ឌា ទាំងអូស្ត្រាលី សុទ្ធតែជាមហាអំណាចតំបន់ ហើយជាប្រទេស ដែលមានគោលជំហរ មិនពេញចិត្តនឹងចិន ដែលចង់វាទទីច្បាមយកតំបន់ឥណ្ឌូប៉ាស៊ីហ្វិកតែម្នាក់ឯង។
យ៉ាងណាមិញ ចិនបានសម្តែងការមិនពេញចិត្ត ចំពោះការប្រជុំគ្នាតែបួនប្រទេសនេះ។ លោកវ៉ាង ពីន អ្នកនាំពាក្យក្រសួងការបរទេសចិន ធ្លាប់បាននិយាយថា ប្រទេសក្នុងតំបន់ គួរណាតែរួបរួមគ្នា ប្រមូលគ្នា ដើម្បីរក្សាសន្តិភាព ស្ថិរភាពតំបន់ មិនគួរចែកបក្ស ប្រមូលគ្នាប្រជុំស្ងាត់ៗ ដូច្នេះទេ។
គួរបញ្ជាក់ដែរថា ដំណើរទៅដល់របស់លោក ម៉ៃ ប៉ុមប៉េអូ នៅជប៉ុន ក៏ជាលើកទីមួយដែរ សម្រាប់រដ្ឋាភិបាលថ្មីរបស់ជប៉ុន ដឹកនាំដោយលោក យូស្ហីហ៊ីដេ ស៊ូហ្កា។ លោក ស៊ូហ្កា ធ្លាប់បានលើកឡើងថា ចំណងសហការរវាងអាេមរិកនិងជប៉ុន គឺជាគ្រិះនៃស្ថិរភាពតំបន់ទាំងមូល។ តែយ៉ាងណា គេសង្កេតឃើញថា លោកស៊ូហ្កា ប្រហែលជាមិនសូវចង់តតាំងប្រឈមមុខខ្លាំង ប៉ុន្មានទេ មិនថាជាមួយចិន ឬជាមួយរុស្ស៊ី ដោយលោកចង់រក្សាតុល្យភាពអំណាច ក្នុងតំបន់ច្រើនជាង៕