• Cambodia Peace Channel

អ្នកកាសែតម្នាក់ដែលតែងតែសរសេរបរិហារមន្ត្រីមានអំណាច និងអាជ្ញាធរកុម្មុយនីស្ត​វៀត​ណាមត្រូវបានចាប់ខ្លួន

ហូជីមិញ៖លោកស្រី ផាំ ទាន់ ត្រាង (Pham Doan Trang) ត្រូវបានអាជ្ញាធរវៀតណាម ចុះទៅចាប់ឃាត់ខ្លួន នៅ​ថ្ងៃអង្គារ ទី​៦តុលា នៅផ្ទះជួលរបស់លោកស្រីក្នុងក្រុងហូជីមិញ។ ក្រសួង​សន្តិសុខសាធារណៈវៀតណាម បានបញ្ជាក់ថា លោកស្រីត្រូវជាប់ចោទ ពីបទធ្វើសកម្មភាព ប្រឌិតភស្តុតាង ផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បី​ « ប្រឆាំងនឹងសាធារណៈរដ្ឋសង្គមនិយមវៀតណាម »។ ទោសនេះ អាចត្រូវជាប់ពន្ធនាគារ រយៈពេល​២០ឆ្នាំ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានវៀតណាម VNA នៅថ្ងៃទី៨ ខែតុលា។

សូមបញ្ជាក់ថា ឈ្មោះរបស់​លោកស្រី ផាំ ទាន់ ត្រាង ត្រូវបានគេស្គាល់ជាទូទៅ ថាជាស្ត្រីមួយរូប ដែលមានសេចក្តីក្លាហាន ហ៊ានសរសេរ រិះគន់ បរិហារមន្ត្រីមានអំណាច និងអាជ្ញាធរកុម្មុយនីស្ត​វៀត​ណាម ដែលរំលោភបំពានដីធ្លី របស់ប្រជាជនក្រីក្រ ធ្វើទារុណកម្មមនុស្ស គម្រាមសំឡុតអ្នកកាសែត និងធ្វើទុក្ខបុកម្នេញទៅលើអ្នកស្រលាញ់ភេទដូចគ្នា នៅវៀតណាម។ លោកស្រីធ្លាប់ធ្វើជាអ្នកកាសែត ឲ្យ​បណ្តាញសារព័ត៌មានរដ្ឋវៀតណាមផងដែរ។

កាលពីឆ្នាំ ២០១៦ លោកស្រី ត្រូវបានគេចាប់ខ្លួន​ម្តងហើយ នៅពេលដែលលោកស្រី កំពុងធ្វើដំណើរចង់ទៅជួប​លោកបារ៉ាក់​អូបាម៉ា ដែលទៅធ្វើទស្សនកិច្ចនៅទីក្រុងហាណូយ កាលគ្រានោះ។ លោកស្រីធ្លាប់បានអះអាងថា លោកស្រី ត្រូវបានអាជ្ញាធរវៀតណាម ធ្វើទារុណកម្ម វាយដំលើរូបរាងកាយ ថែមទៀតផង។

កាលពីឆ្នាំ២០១៩ លោកស្រី បានសម្រេចលាចេញពី​ក្រុមប្រឹក្សានិពន្ធនាយកឯករាជ្យមួយ បន្ទាប់ពីក្រុមនគរបាលវៀតណាម បានធ្វើទារុណកម្ម ចាប់បង្ឃាំង គម្រាមសំឡុតទៅលើមិត្តរួមការងាររបស់​លោកស្រី។ ក្រោយមក លោកស្រីបានសរសេរផ្សព្វផ្សាយ​លិខិតមួយជាសាធារណៈ ដែល​លិខិតនោះ មាន​ចំណងជើងថា « ក្នុងករណីដែលខ្ញុំត្រូវគេចាប់ដាក់គុកបាត់ទៅ! »។ ក្នុងអត្ថបទនោះ ​លោកស្រី បានអំពាវនាវ ឲ្យ​ប្រជាជនវៀតណាមទាំងអស់​ត្រូវរួមគ្នា តស៊ូដើម្បី​ទទួលបាន​នូវការបោះឆ្នោត​តាមបែបប្រជាធិបតេយ្យពិតប្រាកដា ជាជាងការសំងំយកសុខ ដើម្បីសេរីភាព​ខ្លួនឯង​រៀងៗ​ខ្លួនៗ។ ឆ្នាំ២០១៩ដែរ អង្គការ អ្នករាយការណ៍គ្មានព្រំដែន បានប្រគល់ពានរង្វាន់ពិសេសជូនលោកស្រី ក្នុងនាមអ្នក​តស៊ូដើម្បីសេរីភាព​សារព័ត៌មាន​។

ក្រោយដំណឹងចាប់ខ្លូនលោកស្រី ផាំ ទាន់ ត្រាង នេះ អង្គការ​ Human Rights Watch (HRW) បានលើកឡើងថា នេះជារឿងអយុត្តិធម៌បំផុត ហើយ​អាជ្ញាធរវៀតណាម ត្រូវតែដោះលែង​លោកស្រីជាបន្ទាន់៕