• Cambodia Peace Channel

សូមបើកបរដោយប្រុងប្រយ័ត្ន ! រថយន្តមួយគ្រឿងបើកបរក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ក្រចេះ៖មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តមួយគ្រឿងម៉ាកកាមេរី បើកបរក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូមួយគ្រឿង មានអ្នកដំណើរចំនួន ៣នាក់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតទាំង ៣នាក់យ៉ាងអណោចអធ័មតែម្តងនៅកន្លែងកើតហេតុ ខណៈម្ចាស់រថយន្តបង្ករត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះ បានកើតឡើងនៅព្រលប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ម្សិលមិញនេះ ស្ថិតនៅលើផ្លូវជាតិលេខ៧ ក្នុងភូមិសាស្រ្តន៍ភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ ។

តាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលខេត្តក្រចេះ ថា មុនកើតហេតុ រថយន្តកាមេរីគូថស្វិតមួយគ្រឿង បើកបរក្នុងល្បឿនលឿន និងជ្រុលទៅបុកម៉ូតូជនរងគ្រោះ ដែលកំពុងជិះមានគ្នាចំនួន ៣នាក់ ជា ឪពុក ជាម្តាយ និងកូនតូច ក្នុងទិសដៅបញ្រ្ចាស់ទិសគ្នា បានបុកប្លោងខ្ទាតស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុតែម្តង។

ក្រោយបង្កហេតុភ្លាមៗនោះដែរ ម្ចាស់រថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល ខណៈដែលនគរបាលបានកំណត់អត្តសញ្ញាណជនបង្កយ៉ាងច្បាស់ និងកំពុងស្រាវជ្រាវដើម្បីមានវិធានការតាមផ្លូវច្បាប់ផងដែរ៕