• Cambodia Peace Channel

ប៉ូលិស បំភ្លឺថា ជនស៊ីវិលមួយក្រុមមានប្រមាណ១០នាក់​ វាយអ្នករត់កង់បី ​ហើមមុខនិងដាក់ខ្នោះ មិនមែនជាសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទេ

ភ្នំពេញ៖ក្រុមការងារព័ត៌មាន​និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ចេញមុខមកបំភ្លឺ ថា កាលពីថ្ងៃទី២​ ខែតុលា​ ឆ្នាំ២០២០​ វេលាម៉ោង​១៨៖៤០នាទី​ មានករណីដែលក្រុមស៊ីវិលមួយក្រុមមានគ្នាប្រហែលជា​១០នាក់​ បានចាប់បុរសម្នាក់ជាអ្នកបើកម៉ូតូកង់៣​ វាយហើមមុខ​ និង ដាក់ខ្នោះ​ ដែលកើតឡើងនៅសង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក​ នោះ មិនមែនជាសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នោះទេ​ ។

ប៉ូលិស បញ្ជាក់ទៀតថា ពេលនេះក្រុមការងារព័ត៌មាន​និងប្រតិកម្មរហ័ស​ និង សមត្ថកិច្ចជំនាញកំពុងតែបន្តស្រាវជ្រាវរកមុខជនបង្កទាំងនោះ​ ។

គួររំលឹកថា មានការចោទប្រកាន់ ថា មនុស្សប្រហែល១០នាក់ មិនមានឯកសណ្ឋានមកវាយនិងដាក់ខ្នោះដៃបុរសម្នាក់ជាអ្នករត់កង់បីឥណ្ឌា រួចបញ្ជូនទៅសួរនាំនៅកន្លែងសមត្ថកិច្ច ។ ក្រោយមក ក៏ដោះលែងវិញ ដោយនិយាយថា «ចាប់ច្រឡំ» ។

យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ «Chan Sopheap» បានបង្ហោះដោយមានខ្លឹមសារ ថា ៖

ថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ ម៉ោងប្រហែល៧៖៣០នាទីយប់ ម្តុំបឹងសាឡាង បងប្រុសខ្ញុំ កំពុងចាំភ្ញៀវ ( រត់ Pass App ) ក៏មានមនុស្សប្រហែល១០នាក់ មិនមានឯកសណ្ឋាន មកវាយគាត់ដោយមិនបានសួរនាំ ហើយចាប់ដាក់ខ្នោះដៃ (៣ខ្នោះដៃ) រួចយកទៅកន្លែង ។ បន្ទាប់មកសួរនាំ នឹង ធ្វើតេស្តទឹកនោម លទ្ធផលមិនមានអីទេ ។ ៣០នាទីក្រោយដោះលេងវិញ ដោយនិយាយថា «ចាប់ច្រលំ»។  

ហ្វេសប៊ុកដដែល បន្តថា «សូមបងៗដែលធ្វើការពេលយប់ ចាប់គេឯង មើលអោយច្បាស់ផង ហើយកុំវាយគេដោយមិនបានសួរនាំ ។ ប្រាក់ខែយកពីប្រជាជន កុំដើរវាយប្រជាជនដោយគ្មានគិតអីសោះ សួរនាំអោយច្បាស់សិនទៅវាយ៉ាងមិច?»