• Cambodia Peace Channel

អាជ្ញាធរក្រុងតាខ្មៅចុះរៀបចំសណ្តាប់ធ្នាប់ ខណៈប្រជាពលរដ្ឋសំណូមពរធ្វើអោយមានតម្លាភាព (វីដេអូ)

កណ្តាល៖កម្លាំងសណ្តាប់ធ្នាប់និងចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ នេះ ដឹកនាំដោយលោកវរសេនីយ៍ត្រី ភឿង វ៉ាត អធិការរងទទួលការងារសណ្តាប់ធ្នាប់និងចរាចរណ៍ក្រុងតាខ្មៅ បានដឹកនាំកម្លាំងក្រោមឱវាទបន្តចុះអប់រំ និង រៀបចំសណ្តាប់ធ្នាប់អោយមានរបៀបរៀបរយល្អនៅរង្វង់មូលលោកតាម៉ៅ និងលើកំណាត់ផ្លូវជាតិលេខ២១ ចាប់ពីហាងសុភីដល់វិទ្យាល័យហ៊ុន សែន តាខ្មៅ ជាពិសេសចំណុចផ្សារកាច់ជ្រុងនិងតាមទាំងសងខាងផ្លូវដោយតម្រូវអោយបងប្អូនអាជីវករធ្វើអាជីវកម្មលក់ដូរលើចិញ្ចើមផ្លូវស្មើជើងថយក្រោយត្រឹមគំនូស កាឡា បានកំណត់ដោយរក្សាទុកផ្លូវស្មើជើងអមសងខាងផ្លូវម្ខាងជាង១ម៉ែត្រ។

ក្នុងការចុះរៀបចំសណ្តាប់ធ្នាប់នោះដែរ កម្លាំងបានបន្តចែកសេចក្តីណែនាំលេខ០០៦ ស.ណ.ន ស្តីពីការដោះស្រាយចរាចរណ៍និងរៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ព្រមទាំងធ្វើកិច្ចសន្យាតាមខ្នងផ្ទះ តូប ដែលលក់លើផ្លូវស្មើជើងខាងលើដើម្បីកុំអោយពួកគាត់បន្តលក់ទៀតដែលធ្វើអោយមានការកកស្ទះចរាចរណ៍បាត់បង់សណ្តាប់ធ្នាប់ទាំងមូលផង។

ជុំវិញបញ្ហានេះដែរ ពលរដ្ឋបានប្រាប់ CPC NEWS ថា សុំអោយអាជ្ញាធរ និង សមត្ថកិច្ចសណ្តាប់ធ្នាប់ និង ចរាចរណ៍ចុះធ្វើមេត្តាធ្វើអោយមានតម្លាភាពផង កុំធ្វើតែម្ខាង ទុកម្ខាង ជាពិសេសនៅលើផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលលោកតាម៉ៅ ចិញ្ចើមផ្លូវស្ទើរដាក់កន្លែងតាំងចត ម៉ូតូលក់ និង ក្រុមឡានរត់តាក់ស៊ី យ៉ាងអនាធិបតេយ្យ ។

លោកវរសេនីយទោ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់ CPC NEWS ថា កម្លាំងរបស់លោកចុះរៀបចំសណ្តាប់ធ្នាប់រៀងរាល់ថ្ងៃ និង ធ្វើការណែនាំ ។ ពេលខ្លះ ក្រុមអាជីវករ ស្តាប់បាន តែមួយភ្លែត ពេលសមត្ថកិច្ចចេញវិញ គឺ នៅដដែល ។

លោកបានបន្តទៀតថា ជុំវិញបញ្ហាខាងលើ នេះ  លោកនឹងសុំគោលការណ៍ពីលោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅ ដើម្បីមានវិធានការតាមផ្លូវច្បាប់ហើយ ៕