• Cambodia Peace Channel

រដ្ឋបាលរាជធានីភ្នំពេញ សោកស្តាយចំពោះកម្មករក្រុមហ៊ុន ស៊ីន ទ្រី មួយចំនួន មិនគោរពតាមកិច្ចព្រមព្រៀង ខណៈរដ្ឋបាលរាជធានីភ្នំពេញ នឹងប្រមូលសំរាមកក់ស្ទះនៅរាជធានីភ្នំពេញឲ្យអស់

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញ សម្តែងការសោកស្តាយចំពោះទង្វើកម្មករនិយោជិករបស់ក្រុមហ៊ុន ស៊ីន ទ្រី មួយចំនួន ដែលមិនបានគោរពតាមកិច្ចព្រមព្រៀង ដូចដែលមានចែងនៅក្នុងកំណត់ហេតុអង្គប្រជុំ កាលពីថ្ងៃទី៧ ខែតុលា ម្សិលមិញ រវាងរដ្ឋបាលរាជធានីភ្នំពេញ ជាមួយសហជីព និងតំណាងកម្មករនិយោជិកក្រុមហ៊ុន ស៊ីន ទ្រី ដែលកំពុងធ្វើកូដកម្ម។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ ស្តីពី ការធ្វើកូដកម្មរបស់កម្មករក្រុមហ៊ុន ស៊ីន ទ្រី នៅថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២០ នេះ ។

ការសម្តែងការសោកស្តាយរបស់រដ្ឋបាលរាជធានីភ្នំពេញ នាពេលនេះ ធ្វើឡើងក្រោយកម្មករនិយោជិករបស់ក្រុមហ៊ុន ស៊ីន ទ្រី ដែលជាអ្នកបើកបរ បានកែប្រែចិត្តមិនព្រមចេញឡានទៅ​ប្រមូលសំរាមតាមការព្រមព្រៀង ដែលបង្កអោយមានសំរាមនៅតែមានការកក់ស្ទះ តាមតំបន់មួយចំនួននៅរាជធានីភ្នំពេញ។

យ៉ាងណាក៏ដោយ រដ្ឋបាលរាជធានីភ្នំពេញ ប្តេជ្ញាចិត្ត និងកំពុងចាត់វិធានការដោយប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុប ដើម្បីប្រមូលសំរាមដែលមានការកក់ស្ទះនៅរាជធានីភ្នំពេញ អោយអស់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ៕