• Cambodia Peace Channel

អាមេរិក នឹងដកទ័ព ២៥០០នាក់បន្ថែមទៀតចេញពីអាហ្វហ្គានីស្ថាន នៅដើមឆ្នាំក្រោយនេះ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា ទីក្រុងវ៉ាស៊ីនតោននឹងកាត់បន្ថយកម្លាំងរបស់ខ្លួននៅក្នុងប្រទេសអាហ្វហ្គានីស្ថានដល់ទៅ ២៥០០ នាក់បន្ថែមទៀតនៅដើមឆ្នាំក្រោយ។

បើតាមការចុះផ្សាយដោយ Reuters នៅថ្ងៃទី៨ ខែតុលានេះ ការដកកម្លាំងរបស់ខ្លួននេះគឺធ្វើឡើងដោយផ្អែកតាមកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្ររវាងសហរដ្ឋអាមេរិក និងក្រុមតាលីបង់កាលពីខែកុម្ភៈ ដោយតម្រូវឲ្យកងកម្លាំងបរទេសនឹងត្រូវចាកចេញពីប្រទេសអាហ្វហ្គានីស្ថាននៅត្រឹមខែឧសភាឆ្នាំ ២០២១ ជាថ្នូរនឹងការធានាបញ្ឈប់សកម្មភាពភេរវកម្មពីពួកតាលីបង់ ដែលបានយល់ព្រមចរចាបទឈប់បាញ់ជាអចិន្ត្រៃយ៍ និងរូបមន្តចែកអំណាចជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថាន។

ទោះយ៉ាងណា ការដកកងកម្លាំងអាមេរិកបន្ថែមនេះ ត្រូវបានគេមើលឃើញថានឹងធ្វើឲ្យអំណាចរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថានចុះខ្យោយ ពិសេសគឺអនុភាពក្នុងការទៅចរចាជាមួយក្រុមតាលីបង់នៅលើកក្រោយ។

កងកម្លាំងអាមេរិកបច្ចុប្បន្នដែលកំពុងឈរជើងនៅប្រទេសអាហ្វហ្គានីស្ថានមាចំនួនប្រមាណ ៥០០០នាក់ ហើយបើត្រូវដកចេញ ២៥០០នាក់នៅឆ្នាំក្រោយពិតមែន នោះទ័ពអាមេរិកនឹងធ្លាក់ចុះមកត្រឹម ២៥០០នាក់ប៉ុណ្ណោះ។

សូមជម្រាបថា សង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថានជាង ១៩ឆ្នាំមកនេះបានសម្លាប់ទ័ពអាមេរិកប្រមាណ ២៤០០នាក់ និងជាច្រើនពាន់នាក់បានរងរបួស៕