• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-នារីៗគួរប្រុងប្រយ័ត្ន ស្នេហាតាមអនឡាញស្គាល់គ្នាបានបីថ្ងៃបបួលដើរលេង បែជាល្បួងមកកន្លែងស្ងាត់ធ្វើសកម្មភាពរំលោភ និងប្លន់បានសម្រេច ក្នុងភូមិសាស្រ្តខណ្ឌដង្កោ

ភ្នំពេញ៖នារីវ័យក្មេងម្នាក់ត្រូវជនសង្ស័យជាមិត្តប្រុសរបស់ខ្លួន បានធ្វើសកម្មភាពរំលោភ និងប្លន់បានសម្រេច ក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ។

តាមការបញ្ជាក់របស់នារីរងគ្រោះ​អោយដឹងថារូបនាង និងជនសង្ស័យបានស្គាល់គ្នាតាមហ្វេសប៊ុកអស់រយៈពេលបីថ្ងៃមកហើយ លុះដល់ថ្ងៃកើតហេតុខាងលើបុរសជាមិត្តប្រុស បានបបួលរូបនាងដើរលេងរហូតដល់ផ្លូវស្ងាត់រួចក៏ធ្វើសកម្មភាពរំលោភ ព្រមទាំងប្លន់យកលុយគ្រឿងអលង្កានិងទូរស័ព្ទដៃ សរុបជាទឹកប្រាក់ប្រមាណ៨០០ដុល្លាអាមេរិក ។

បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ដោយឡែកនារីរងគ្រោះបានសុំអោយប្រជាពលរដ្ឋនៅក្បែរទីតាំងកើតហេតុជួយដឹករូបនាងទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់សាក់សំពៅ ។

ពាក់ព័ន្ធករណីខាងលើនេះ CPC NEWS បានសុំការបំភ្លឺពីលោកវរសេនីយ៍​ទោ ជា ហុកសែ អធិការរងនគរបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤នេះ បានអោយដឹងថា រូបលោកកំពុងធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាបានហើយ ពោលគឺជនសង្ស័យខាងលើធ្លាប់ធ្វើសកម្មភាពបែបនេះម្ដងរួចមកហើយនៅក្នុងមូលដ្ឋានរបស់លោក ។

គួររម្លឹកផងដែរថា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ នៅចំណុចភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីស្រដៀងគ្នានេះដែរ ដោយជនសង្ស័យ និងបក្សពួកបានទាក់ទងស្គាល់នារីរងគ្រោះទាំង២នាក់តាមរយៈហ្វេសប៊ុក រួចបាននាំដើរលេង រហូតដល់កន្លែងស្ងាត់បានធ្វើសកម្មវាយប្លន់យក ទូរស័ព្ទម៉ាក់ Iphone 11 Promax និងលុយប្រមាណ៤០០ដុល្លា រួចរត់គេចខ្លួនបាត់ស្រមោលតែម្ដង ៕