• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-ព្រះរាជសារ ព្រះករុណាជាអម្ចាស់ជីវិត លើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រទានដល់ជនរួមជាតិ ក្នុងទិវាព្រះពុទ្ធសាសនាអន្តរជាតិ

ភ្នំពេញ ៖ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រទានជូន ជនរួមជាតិ ក្នុងទិវាព្រះពុទ្ធសាសនាអន្តរជាតិ (ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤)

សូមក្រាបថ្វាយបង្គំសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃនាយក និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ ជាទីនឹករលឹក និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត

នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នេះ ទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណា ខ្ញុំ សូមសម្តែងនូវហឫទ័យសោមនស្សរីករាយ ឥតឧបមា សូមអបអរសាទរជាអនេកប្បការ រួមជាមួយសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃនាយក ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិ ទាំងអស់ ជាទីស្រឡាញ់ ដ៏ជ្រាលជ្រៅបំផុត ។

ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ជាអភិលក្ខិតសម័យមួយទៀត តាមប្រតិទិនសុរិយគតិ ដែលជាឱកាសដ៏វិសេសវិសាលមួយ ប្រារព្ធឡើងដើម្បីឯកភាពនិងសាមគ្គីភាពរវាងនិកាយ ទាំងអស់នៃព្រះពុទ្ធសាសនា និងដឹកនាំពុទ្ធបរិស័ទគ្រប់និកាយ ត្រឡប់ទៅបតិបត្តិឱ្យបានខ្ជាប់ ខ្លួនតាមពាក្យប្រៀនប្រដៅដើមដំបូងរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង និងផ្សព្វផ្សាយ ព្រះពុទ្ធឱវាទឱ្យបានទូលំទូលាយ កាន់តែសកម្មផុសជុលឡើង ដើម្បីបុព្វហេតុនៃការរីកចម្រើន ព្រះពុទ្ធសាសនា និងការកសាងសន្តិភាពនៅក្នុងសង្គមជាតិយើងផង និងនៅលើសកលលោក ទាំងមូលផង ។

ទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណា ខ្ញុំ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ប្រសិទ្ធពរ បវរសួស្តី ជ័យមង្គលគ្រប់ប្រការ ថ្វាយ-ប្រគេន សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេច ព្រះសង្ឃនាយក ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងជូនសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួម ជាតិទាំងអស់ សូមទទួលបាននូវសេចក្តីសុខចម្រើនគ្រប់ប្រការ និងសូមប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕