• Cambodia Peace Channel

ឱក សុគន្ធកញ្ញា ៖ ទីណាមានទុក្ខលំបាក ទីនោះមានបេសកកម្មរបស់កាកបាទក្រហមកម្ពុជា

ភ្នំពេញ៖តារាចម្រៀងដ៏មានប្រជាប្រិយភាព កញ្ញា ឱក សុគន្ធកញ្ញា ដែលនឹងត្រៀមចូលរោងអាពាហ៍ពិពាហ៍ក្នុងពេលឆាប់ៗខាងមុខនេះ បានលើកឡើងថា “ទីណាមានទុក្ខលំបាក ទីនោះមានបេសកកម្មរបស់កាកបាទក្រហមកម្ពុជា ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា” ។

ការលើកឡើងនេះ ក្នុងឱកាសចូលរូមកម្មវិធីកាកបាទក្រហមកម្ពុជា ដែលជាខួបលើកទី១៥៦ កាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ ។

ជាការពិតណាស់យើងតែងតែបានមើលឃើញពីភាពសកម្មរបស់កាកបាទក្រហម នៅពេលដែលប្រជាពលរដ្ឋជួបទុក្ខលំបាកទូទាំងប្រទេស ដូចជា ៖ ប្រជាពលរដ្ឋបានរងគ្រោះដោយបាតុភូតខ្យល់កន្ត្រាក់កាលពីពេលថ្មីៗនេះជាដើម ក៏ឃើញមានវត្តមានរបស់កាកបាទក្រហមជួយឧបត្ថម្ភដើម្បីជាការរំលែកទុក្ខដល់ពួកគាត់ផងដែរ ។

គួរជម្រាបដែរថា ក្នុងការចូលរួមកម្មវិធី កញ្ញាបានបណ្តើរគ្នាជាសាធារណៈជាមួយនឹងអនាគតស្វាមីដ៏ស្រស់សង្ហា ដោយការបង្ហាញនូវភាពស្និតស្នាល ការយកចិត្តទុកដាក់នឹងគ្នាគ្រប់ពេលវេលា ។

សកម្មភាពទាំងនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ពិតជាមានមោទនភាព មានទំនុកចិត្ត និងសប្បាយចិត្តចំពោះនាងយ៉ាងខ្លាំង ដែលនាងជាតារាស្រីមួយរូបដ៏ពូកែ និងស្រលាញ់ពេញចិត្ត ការងារមនុស្សធម៌ ហើយខណៈពេលនេះក៏បានជួបមនុស្សប្រុសល្អ នៅថ្ងៃអនាគតរបស់នាងផងដែរ ៕

ដោយ៖ស្រ៊ី គន្ធី