• Cambodia Peace Channel

មរតកខ្មែរ ! ប្រាសាទវត្តឯកភ្នំ ជាប្រាសាទមានអាយុកាលចំណាស់មួយ ក្នុងចំណោមប្រាសាទជាច្រើន

បាត់ដំបង៖ប្រាសាទវត្តឯកភ្នំ ជាប្រាសាទដែលមានវ័យចំណាស់មួយក្នុងចំណោមប្រាសាទជាច្រើន ដែលមានទីតាំងស្ថិតនៅក្នុងភូមិគម ឃុំពាមឯក ចំងាយ៧គីឡូម៉ែត្រ បែកចេញពីផ្លូវខេត្តលេខ១៥៦ ត្រង់ភូមិថ្កូវ ឃុំក្តុលដូនទាវ ស្រុកភ្នំឯក ខេត្តបាត់ដំបង ដែលត្រូវបានកសាងឡើងនៅសតវត្សទី១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ចន្លោះឆ្នាំ១០០២-១០៥០ ក្នុងសម័យមហានគរ។

ប្រាសាទវត្តឯកភ្នំ កសាងឡើងដើម្បីឧទិ្ទសថ្វាយចំពោះអាទិទេព នៃព្រហ្មញ្ញសាសនា។ ប្រាសាទដ៏ចំណាស់នេះមានរាងបួនជ្រុង ធើ្វពីថ្មភក់បែរមុខទៅទិសខាងកើតសង់លើខឿនមួយមានពីរថ្នាក់ មានថែវព័ទ្ធជុំវិញតួប៉ម នៃប្រាសាទ និងកំពែងធ្វើពីថ្មបាយកៀ្រម ហើយនៅទីនោះមានគូទឹកព័ទ្ធជុំវិញទៀតផង។

បច្ចុប្បន្ន នៅខាងត្បូងប្រាសាទមានគូទឹក នឹងក្លាយទៅជាស្រះទឹកសំរាប់ព្រះសង្ឃប្រើប្រាស់។ គេសងេ្កតឃើញថា ប្រាសាទនេះមានក្បាច់ចម្លាក់ជាច្រើនមានភាពរស់រវើកគួរឲ្យចង់ទស្សនា នៅសេសសល់តាមផែ្នកមួយចំនួនដែលឆ្លុះបញ្ចាំងពីជំនឿ ក្នុងលទ្ធិព្រហ្មញ្ញសាសនាយ៉ាងជ្រាលជ្រៅទៀតផង។

ចម្លាក់ទាំងនោះរួមមានព្រះឥសូរកំពុងអង្គុយលើយានជំនិះគោនន្ទិនជាមួយមហេសី ព្រះវិស្ណុ ព្រះឥន្រ្ទអង្គុយលើដំរីរឿងកូរសមុទ្រទឹកដោះដែលបង្អាញពីតួអង្គជាច្រើនក្រុមមានទេវតា យក្សទាញពស់ នាគដណើ្តមយកទឹកអម្រឹតទៅផឹកដើម្បីបានជីវិតអមតៈ លែងជួបនឹងទុក្ខព្រួយ កើតចាស់ឈឺស្លាប់ ទៀតហើយ។

ចំណែកនៅបរិវេណប្រាសាទវត្តឯកភ្នំនោះត្រូវបានអាជ្ញាធរ និងអ្នកស្រុកស្រុះស្រួលគ្នាកសាងសំណង់វត្តអារាម ព្រះវិហារសម្រាប់ព្រះសង្ឃគង់នៅឈ្មោះថា “វត្តឯក” ហើយអ្នកស្រុកជិតឆ្ងាយក៏បាននាំគ្នាទៅធ្វើបុណ្យសន្សំកុសលជាហូរហែរ។

តាមសិលាចារឹកប្រាសាទនេះមានឈ្មោះដើមថា នរេន្ទ្រគ្រាម ជាភាសាបាលីសំស្រ្តឹត ដែលមានន័យថា ភូមិមនុស្សរបស់អ្នកធំលើសគេនៅលើផែនដីគឺព្រះរាជា បានស្ថាបនាឡើងនៅដើមសតវត្សរ៍ទី១១ ក្នុងរាជព្រះបាទសូរ្យវរ្ម័នទី១ ចន្លោះឆ្នាំ១០០២-១០៥០ តាមសិលាចារឹកលេខ K-២១១។ នេះបើយោងតាមសៀវភៅ ដែនដីអាថ៌កំបាំងអច្ឆរិយៈប្រាសាទកោះកេរ ព្រះបាទជ័យវរ្ម័នទី៤ ឆ្នាំ២០១៧ ដោយលោក ស៊ឹម ភក្ត្រា ទំព័រទី១០។

គួររម្លឹកថា តាមសិលាចារឹក K.211 ជាភាសាសំស្ក្រឹត និងភាសាខ្មែរ បានសរសេរថា ប្រាសាទនេះសាងសង់នៅឆ្នាំ១០៣៧ ក្នុងរាជ្យព្រះបាទសូរ្យរម្ម័នទី១ ដោយស្ថាបនាពីលឹង្គមួយឈ្មោះសូរ្យវរ្មេស្វរ នៅនរេន្ទគ្រាម រីឯនៅក្នុងសៀវភៅរបស់លោក E. Aymonier, Le Cambodge, II, p. 301 គាត់ប្រែសិលាចារឹកថា ប្រាសាទនេះសាងនៅឆ្នាំ១០២៧ ខុសគ្នា១០ឆ្នាំទៅនឹងការប្រែរបស់លោក Cœdès៕ ដោយ៖ស្រ៊ីប ឡានី