• Cambodia Peace Channel

ហួសហេតុមែន ! ជិះម៉ូតូបុកឡានពីក្រោយហើយ បែរជាប្តឹងទារទារសំណងរហូតដល់១ម៉ឺនដុល្លារ

កណ្តាល៖បុរសម្នាក់ឈ្មោះ សៀង វុទ្ធី ជិះម៉ូតូមិនមានការប្រុងប្រយ័ត្ន ជ្រុលទៅបុកឡានពីក្រោយដែលកំពុងធ្វើដំណើរតាមផ្លូវ បណ្តាលអោយរងរបួសធ្ងន់ខ្លួនឯង ។ ប៉ុន្តែ អ្វីជាការហួសចិត្ត នោះ បែរជាក្រុមគ្រួសារខាងម៉ូតូ ប្តឹងទាមទារសំណងពីភាគីខាងឡានដែលមិនខុសអ្វីសោះ រហូតដល់១ម៉ឺនដុល្លារ ទៅវិញ ។

ដើម្បីបង្ហាញការពិតនៃរឿងគ្រោះថ្នាក់ចរាចរណ៍ នេះ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានចុះដល់កន្លែងកើតហេតុ ។ ជាលទ្ធផល បង្ហាញថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីភាគីខាងម៉ូតូ បើកបរធ្វេសប្រហែស ខ្ជីខ្ជាមិនប្រុងប្រយ័ត្ន មិនពិនិត្យមើលស្ថានភាពផ្លូវខាងមុខអោយបានច្បាស់លាស់ពេលកំពុងបើកបរ ។

យោងតាមរបាយការណ៍ពីអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដែល CPC NEWS ទើបទទួលបាននៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ នេះ បង្ហាញថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ វេលាម៉ោង១៥៖៤០នាទី លើចំណុចផ្លូវលេខ១១០ ភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សមត្ថកិច្ច អះអាងថា មានរថយន្តមួយគ្រឿងម៉ាក កាមរី បាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AH-6810 បើកបរ ដោយឈ្មោះ ឡៃ ភី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកណ្តឹងធំ ឃុំកណ្តឹងធំ ស្រុកបាទី ខេត្តតាកែវ មុខរបរកសិករ បើកបរ ទិសដៅពីលិចមកកើត ពោលគឺ ពីភ្នំពេញទៅស្អាង ។

ពេលមកដល់ចំណុចកើតហេតុ ក៏ឈប់រថយន្តបន្តិចរង់ចាំ រថយន្តបើកទិសដៅផ្ទុយឆ្លងស្ពានព្រែកហាស ក៏មានម៉ូតូម៉ាក់ HONDA Wave ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AF-9496 បើកបរដោយឈ្មោះ សៀង វុទ្ធី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកសិករ រងរបួសធ្ងន់ មានទិសដៅស្របទិសមកបុកចំពីក្រោយរថយន្ត កាមរី បណ្តាលអោយអ្នកបើកបរម៉ូតូដួលទៅលើទ្រូងផ្លូវចូលចំណែកផ្លូវរថយន្តម៉ាក TOYOTA Highlander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AB-7578បើកបរ ដោយឈ្មោះ គឹម ឆាយរ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ ព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបុគ្គលិកក្រុមហ៊ុន ។

ករណីនេះ បណ្តាលអោយម៉ូតូខូចខាតធ្ងន់១គ្រឿង , រថយន្តខូចខាតស្រាល២គ្រឿង ត្រូវបានកម្លាំងជំនាញចុះវាស់វែងយកទៅរក្សាទុកជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី ។

សមត្ថកិច្ច សន្និដ្ឋាន ថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីភាគីខាងម៉ូតូបើកបរធ្វេសប្រហែស ខ្ជីខ្ជាមិនប្រុងប្រយ័ត្ន មិនពិនិត្យមើលស្ថានភាពផ្លូវខាងមុខអោយបានច្បាស់លាស់ពេលកំពុងបើកបរ ។

ទោះបីយ៉ាងណា ពេលនេះ បែរជាភាគីខាងម៉ូតូប្តឹងទាមទារសំណងពីខាងភាគីឡានទាំង២គ្រឿងរហូតដល់ចំនួន១ម៉ឺនដុល្លារ ។ ប៉ុន្តែ ខាងការជួបចរចារគ្នា កាលពីរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ នៅតុលាការខេត្តកណ្តាល ភាគីខាងម៉ូតូបានទាមទារសំណងត្រឹម៥ពាន់ដុល្លារ វិញ ខណៈខាងភាគីឡានជួយជាលុយសប្បុរសធម៌ចំនួន១ពាន់ដុល្លារ តែភាគីខាងម៉ូតូនៅតែមិនព្រម ។

អ្វីជាចំណុចសំខាន់ នោះ ភាគីខាងឡានបានដាក់ពាក្យសុំឡានពីខាងតុលាការខេត្តកណ្តាល ដើម្បីប្រើប្រាស់បម្រើអោយជីវភាពប្រចាំថ្ងៃ ។ ចំពោះនីតិវិធី យ៉ាងណានោះ ភាគីខាងឡាន សន្យាថា នឹងចូលខ្លួនបំភ្លឺគ្រប់ពេលវេលា ដោយមិនគេចវេស ឡើយ ។

បញ្ហានេះ ភាគីខាងឡាន សំណូមពរដល់លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល មេត្តាប្រគល់ឡានទាំង២គ្រឿង អោយមកពួកគេប្រើប្រាស់វិញផង ដោយក្តីអនុគ្រោះ ៕