• Cambodia Peace Channel

សាហាវមែន ! ឃាតករវាយសម្លាប់បុរសម្នាក់ ខណៈកំពុងពរកូនក្នុងដៃ នៅខណ្ឌឫស្សីកែវ (វីដេអូ)

ភ្នំពេញ៖បុរសជាកម្មករហាងនំម្នាក់ ត្រូវកម្មករហាងនំដូចគ្នា យកញញួរមកវាយក្បាល បណ្តាលអោយរងរបួសធ្ងន់ រហូតដល់ស្លាប់ចោលកូនប្រុសដែលកំពុងពរនៅក្នុងដៃ។

អំពើឃាតកម្ម នេះ បានកើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ថ្មីៗនេះ នៅចំណុចហាងលក់នំយីហោ «ផ្ទះនំខេក» ទីតាំងផ្ទះលេខ៧៥២ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។

សមត្ថកិច្ច បង្ហើបប្រាប់ថា ជនសង្ស័យឈ្មោះ ផល បញ្ញា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករហាងនំ មានទីលំនៅភូមិកោះរះ ឃុំកោះរះលើ ស្រុកល្វាឯម ខេត្តកណ្តាល ស្នាក់នៅ កន្លែងកើតហេតុខាងលើ កំពុងរត់គេចខ្លួន ។

សាកសព ឈ្មោះ ហន ចាន់រស្មី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករហាងនំ មានទីលំនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង ស្នាក់នៅកន្លែងកើតហេតុខាងលើ ។ ស្លាកស្នាម នៅលើខ្លួនសព រួមមាន ស្នាមជាំហើមពោរដាច់រយះ ទក់សាច់នៅ ក្បាលខាងក្រោយចំនួន២កន្លែង ។

យោងតាមការបំភ្លឺពីបុរសម្នាក់សុំមិនបញ្ចេញឈ្មោះជាកម្មករធ្វើនំ បានអោយដឹងថា នៅម៉ោង៧៖០០នាទី យប់ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ រូបគេបានចូលក្នុងបន្ទប់កាត់នំតែម្នាក់ឯង ។ លុះដល់ពេលកើតហេតុ រូបគេបានឮសំឡេង កូនប្រុសជនរងគ្រោះស្រែកយំ ក៏អើតមើលតាមបង្អួច ឃើញជនសង្ស័យកំពុងយកញញួរ វាយក្បាលជនរងគ្រោះ រួចដើរចេញទៅក្រៅជិះម៉ូតូចេញទៅបាត់ ហើយ រងគ្រោះ ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយមក ទើបដឹងថាស្លា ប់ ។

យោងតាមកាមេរ៉ាសុវត្ថិភាព បង្ហាញ នៅវេលាម៉ោង៧៖៥៨នាទី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ជនរងគ្រោះបានពរកូនប្រុស ដើរចុះតាមជណ្តើរមកដល់ខាងក្រោម ស្រាប់តែជនសង្ស័យ បានស្ទុះទាញញញួរមកវាយក្បាល ជនរងគ្រោះពីក្រោយ រួចដើរចេញទៅក្រៅ ជិះ ម៉ូតូគេចខ្លួន ។

សមត្ថកិច្ច សន្និដ្ឋានថា ជនរងគ្រោះស្លាប់ ដោយសារការប៉ះទង្គិចក្បាលធ្ងន់ធ្ងរ ដោយពេលនេះ សពប្រគល់អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕