• Cambodia Peace Channel

មេដឹកនាំកំពូលៗរបស់អាមេរិកកំពុងប្រឈមនឹងវីរុសកូវីដ១៩

វ៉ាស៊ីនតោន៖ មេដឹកនាំយោធាកំពូលៗរបស់សហរដ្ឋអាមេរិករួមទាំងប្រធានអគ្គសេនាធិការចម្រុះលោកឧត្តមសេនីយ៍ ម៉ាក មីល្លី ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេបន្ទាប់ពីមានទំនាក់ទំនងជាមួយមេបញ្ជាការរងឆ្មាំឆ្នេរសមុទ្រអាមេរិក លោកអាល់ឆាលរ៉ា ដែលមានផ្ទុកវីរុសកូវីដ១៩។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន វ៉ាស៊ីនប៉ុស្តិ៍ នៅថ្ងៃទី៩ ខែតុលា។

មន្រ្តីមន្ទីរប៉ង់តាហ្គោនបានបញ្ជាក់ប្រាប់ថា លោកមីល្លី អនុប្រធានលោកឧត្ដមសេនីយ៍ ចនហ៊ីននិ ងមន្ដ្រីយោធាជាន់ខ្ពស់ជាច្រើនរូបទៀត ត្រូវបានធ្វើចត្តឡីស័ក ក្រោយពីបានចូលរួមប្រជុំជាមួយលោកអាល់ឆាលរ៉ា ដែលរកឃើញផ្ទុកវីរុសកូវីដ១៩ នៅមន្ទីរបញ្ចកោណកាលពីសប្តាហ៍មុន។

អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោនលោក Jonathan Hoffman បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយការិយាល័យរបស់លោកថា ដើម្បីសុវត្តិភាពអ្នកដែលពាក់ព័ន្ធទាំងអស់ជាមួយអ្នកជំងឺនឹងត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ។

គួរជម្រាបថា មួយរយៈចុងក្រោយនេះមានមន្ត្រីជាន់ខ្ពស់កំពូលៗអាមេរិកជាច្រើនរូបបានឆ្លងវីរុសកូវីដ១៩ នៅក្នុងនោះក៏មានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងភរិយាផងដែរ៕