• Cambodia Peace Channel

នគរបាលខេត្តកណ្តាល តាមចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធបទល្មើសឃាតកម្ម ដល់ខេត្តតាកែវ ដោយជោគជ័យ

កណ្តាល៖នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល សហការជាមួយនគរបាលខេត្តតាកែវ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានតាមចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឃាតកម្ម ដោយជោគជ័យ។

ប្រតិបត្តិការបង្ក្រាបដោយជោគជ័យ នេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ។

ជនសង្ស័យមានឈ្មោះ រិច ឆៃ ភេទប្រុស អាយុ២៥ឆ្នាំ ត្រូវបានចាប់ខ្លួនតាមដីកាបញ្ជាអោយចូលខ្លួនរបស់លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ជាប់សង្ស័យពីបទ «ឃាតកម្ម» ប្រព្រឹត្តកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចខាងកើតជាប់ទំនប់ទទឹងថ្ងៃ ភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានប្រគល់ជូនខាងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី ៕