• Cambodia Peace Channel

មានមេខ្យល់បញ្ជាអោយពលរដ្ឋរារាំងការអនុវត្តច្បាប់របស់មន្ត្រីរាជការសាធារណៈ រហូតឈានដល់ការបិទផ្លូវសាធារណៈ នៅស្រុកស្ទឹងហាវ

ព្រះសីហនុ៖រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសថា រយៈពេលប៉ុន្មានថ្ងៃ កន្លងមកនេះ គឺ មានចលនានៃការចូលមកបោះរបងចាប់យកដី និង សាងសង់ខ្ទមយ៉ាងអនាអធិបតេយ្យនៅទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ហើយក៏ត្រូវបានអាជ្ញាធរស្រុកស្ទឹងហាវ ចុះធ្វើការទប់ស្កាត់ ដោយបានធ្វើការរុះរើខ្ទម និង បង្គោលរបងទាំងនោះចេញវិញ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ បង្ហាញថា ក្រុមប្រជាពលរដ្ឋដែលមានការដឹកនាំបញ្ជាពីមេខ្យល់ បានចេញមកធ្វើការតវ៉ា និង រារាំងការអនុវត្តការងាររបស់អាជ្ញាធរស្រុក ដែលជាមន្ត្រីរាជការសាធារណៈ ព្រមទាំងបាននាំគ្នាបិទផ្លូវ វិថីសម្តេចព្រះសង្ឃរាជ ទេព វង្ស ធ្វើអោយកកស្ទះមិនអាចធ្វើចរាចរណ៍បាន ដែលទង្វើនេះ គឺ ការបំពានលើផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរ ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលចាញ់បោកមេខ្យល់ ចូលមកចាប់ទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិ និង ចូលរួមក្នុងការប្រឆាំងតវ៉ា បិទផ្លូវសាធារណៈ សូមបញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់ ។ ក្នុងករណីដែលបងប្អូននៅតែបន្តសកម្មភាព ដែលប្រាសចាកពីផ្លូវច្បាប់បន្តទៀត រដ្ឋបាលខេត្តព្រះសីហនុ នឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងនោះឡើយ ។

អាជ្ញាធរ បន្តថា កន្លងមក មានករណីក្រុមមេខ្យល់បានបំផុសបំផុលប្រជាពលរដ្ឋអោយចូលមកបោះរបងចាប់យកដី និង សាងសង់ខ្ទមយ៉ាងអនាធិបតេយ្យនៅក្នុងទីតាំងខាងលើ ហើយក៏ត្រូវបានអាជ្ញាធរស្រុកស្ទឹងហាវ ចុះធ្វើការអប់រំណែនាំអោយបងប្អូនប្រជាពលរដ្ឋ ទាំងនោះ ចាកចេញពីទីតាំងដីរបស់រដ្ឋ និង បានធ្វើការរុះរើខ្ទម និង បង្គោលរបងទាំងនោះចេញចំនួន៤លើករួចមកហើយ ៕