ប្រទេសកោះមួយបដិសេធជំនួយចិន ដោយសារខ្លាចជាប់«អន្ទាក់បំណុល»
ទូវាលូ៖ប្រទេសប្រជុំកោះ ទូវាលូ ស្ថិតនៅក្នុងចំណោមប្រទេស ៦ នៅមហាសមុទ្រប៉ាស៊ីហ្វិក ដែលមានចំណងការទូតជាមួយកោះតៃវ៉ាន់។ ប៉ុន្តែ ខុសពីកោះ សូឡូម៉ុង ហើយនិងគិរីបាទី ដែលទើបដោះដៃពីតៃវ៉ាន់ និងងាកទៅចងសម្ព័ន្ធភាពជាមួយប្រទេសចិន កាលពីជាង ២ខែមុន រដ្ឋាភិបាល ទូវាលូវិញបានអះអាងពីចំណងការទូតកាន់តែខ្លាំងជាមួយកោះតៃវ៉ាន់។ កោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំង ចាត់ទុកជាផ្នែកមួយ នៃទឹកដីចិន និងគំរាមប្រើកម្លាំងយោធា បើសិនជាចាំបាច់ដើម្បីដណ្តើមគ្រប់គ្រងកោះតៃវ៉ាន់។
មានវត្តមាននៅទីក្រុងតៃប៉ិ កាលពីថ្ងៃម្សិលមិញ រដ្ឋមន្រ្តីការបរទេសរបស់ប្រទេសប្រជុំកោះ ទូវាលូ លោក Simon Kofe បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានអង់គ្លេស Reuters ថា រដ្ឋាភិបាលរបស់លោក នៅតែគាំទ្រតៃវ៉ាន់ ហើយទូវាលូនឹងខិតខំប្រមូលផ្តុំ ក្រុមប្រទេសកោះ ៣ផ្សេងទៀត មហាសមុទ្រប៉ាស៊ីហ្វិក ដែលនៅបន្តចំណងការទូត ជាមួយ តៃវ៉ាន់ ដូចជា Palau Nauru និងMarshall។
ប្រមុខការបរទេសទូវាលូ វាយតម្លៃថា ការួមកម្លាំងគ្នាជាធ្លុងមួយ ប្រទេសកោះទាំងបួន នឹងអាចជួយទប់ទល់នឹងការពង្រីកអំណាចរបស់ប្រទេសចិនកុម្មុយនិស្ត។ សម្រាប់ រដ្ឋាភិបាលតៃវ៉ាន់ ប្រទេសចិនបានទាក់ទាញ ប្រទេសកោះគិរីបាទី និងសូឡូម៉ុង តាមរយៈ ការសន្យាផ្តល់យន្តហោះ ហើយនិងជំនួយហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍ។
នៅក្នុងបទសម្ភាសន៍ជាមួយ Reuters កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ មន្រ្តីរដ្ឋាភិបាលទូវាលូ បាននិយាយថា ថ្មីៗនេះ ក្រុមហ៊ុនចិន មួយ បានទៅនិយាយបញ្ចុះបញ្ចូល សហគមន៍ជនជាតិទូវាលូ តាមរយៈការសន្យាផ្តល់ជំនួយ ជួយសាងសង់កោះសិប្បនិម្មិត ដែលចាំបាច់ ចំបងសម្រាប់ទូវាលូ ដែលកំពុងប្រឈមខ្លាំងនឹងការជន់លិច ដោយសារការឡើងកំពស់ទឹកសមុទ្រ។ សម្រាប់រដ្ឋមន្រ្តីការបរទេសទូវាលូ ចម្លើយគឺទេ ពីខាងរដ្ឋាភិបាលរបស់លោក ព្រោះកន្លងមក គេបានលឺព័ត៌មានស្តីពីវិបត្តិប្រាក់បំណុលជាមួយ ចិន និងការប៉ុនប៉ងរបស់ចិន ដើម្បីទិញដីកោះ ទូវាលូ ដើម្បី បង្កើតជាមូលដ្ឋានទ័ពចិន នៅក្នុងតំបន់ទឹកយុទ្ធសាស្រ្ត របស់វាទូលូ។
ប្រមុខការបរទេស ទូវាលូសង្ឃឹមថា ប្រទេសផ្សេងទៀត ឃើញ រៀនមេរៀនកន្លងមក ដើម្បី ប្រុងប្រយ័ត្ន និងយល់ច្បាស់ពីផលវិបាក នៃជំនួយរបស់ប្រទេសចិន នៅក្នុងតំបន់។ ជប៉ុន អូស្ត្រាលី នូវែលហ្សេឡង់ និងជាពិសេសអាមេរិក ដែលគ្រប់គ្រងតំបន់ទឹកយុទ្ធសាស្រ្ត របស់ពិភពលោក រហូតមក កំពុងបារម្ភពីពង្រីកឥទ្ធិពលរបស់ចិន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
តាមអាជ្ញាធរខេត្តMalaita របស់ប្រទេសកោះ សូឡាមុង ទាំងអាមេរិក និងប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិក បានសុំបោះទុនវិនិយោគ សាងសង់កំពង់ផែ ទឹកជ្រៅ។ កាត់ផ្តាច់ការទូតជាមួយតៃវ៉ាន់ និងងាកទៅចងសម្ព័ន្ធភាព ជាមួយចិន កោះសូឡាម៉ុងនៅតែអនុញ្ញាតឲ្យអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិក ចូលទៅល្បាត ក្នុងដែនទឹករបស់ខ្លួន៕