• Cambodia Peace Channel

លោកស័ក្តិ៥ ថ្លាង ភិនរ៉ា ប្រធានការិយាល័យប្រឆាំងភេរវកម្ម និង ជាមេធាវីសុំមិនប្រកបវិជ្ជាជីវៈ បានចូលបំភ្លឺតុលាការ រួចហើយ ពាក់ព័ន្ធបទល្មើសជេរប្រមាថ និង គំរាមបាញ់សម្លាប់ម្ចាស់ហាងគុយទាវអង្គរជុំសាខាទួលគោក

ភ្នំពេញ៖លោកវរសេនីយ៍ឯក ថ្លាង ភិនរ៉ា ប្រធានការិយាល័យប្រឆាំងភេរវកម្មនៃក្រសួងមហាផ្ទៃ និង ជាមេធាវីសុំមិនប្រកបវិជ្ជាជីវៈ ដែលមានអត្តលេខ៩៩៦ កាលពីរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ បានចូលបំភ្លឺចំពោះមុខលោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ រួចហើយ ពាក់ព័ន្ធបទល្មើសជេរប្រមាថ និង គំរាមបាញ់សម្លាប់ម្ចាស់ហាងគុយទាវអង្គរជុំសាខាទួលគោក ។

តាមប្រភពព័ត៌មាន ដែល CPC NEWS ទើបទទួលបាននៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ នេះ គឺ ក្រោយការសាកសួររួចហើយ តុលាការនឹងសម្រេចធ្វើការចោទប្រកាន់ឬមិនចោទប្រកាន់ លោកវរសេនីយ៍ឯក ថ្លាង ភិនរ៉ា ។

លោក ថ្លាង ភិនរ៉ា ក៏ត្រូវបាន លោកនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សម្រេចអនុវត្តវិន័យកងកម្លាំង និង ព្យួរការងារ ជាប្រធានការិយាល័យប្រឆាំងភេរវកម្ម រួចរាល់ហើយដែរ ។

គួររំលឹកថា លោកវរសេនីយ៍ឯក ថ្លាង ភិនរ៉ា ត្រូវបានម្ចាស់ហាងគុយទាវអង្គរជុំសាខាទួលគោក កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ ដាក់ពាក្យបណ្តឹងទៅស្ថាប័នធំៗចំនួន៣ គឺ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ , ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និង ប្រធានគណៈមេធាវីនៃព្រះរាជណាចក្រកម្ពុជា ។

ក្នុងពាក្យបណ្តឹង ដែល CPC NEWS ទទួលបាន គឺ ដើមបណ្តឹង បានប្តឹងលោក ថ្លាង ភិនរ៉ា ពាក់ព័ន្ធការជេរប្រមាថ និង គំរាមបាញ់សម្លាប់ម្ចាស់ហាងនិងភរិយា កាលពីវេលាថ្ងៃត្រង់ទី២០ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ នៅចំណុចហាងគុយទាវអង្គរជុំសាខាទួលគោក តែម្តង ។

ក្នុងពាក្យបណ្តឹង បានរៀបរាប់ថា នៅថ្ងៃកើតហេតុម្ចាស់ហាងបានរៀបចំការហូបចុកជុំជាមួយមិត្តភក្តិប្រមាណ៨នាក់ជាលក្ខណៈមិត្តភាព នៅទីតាំងហាងគុយទាវរបស់ខ្លួន ព្រោះមិនមានការបើកលក់នោះទេជាថ្ងៃបុណ្យភ្ជុំ ។

លោក ជុយ សុខហេង រៀបរាប់ទៀតថា លុះការហូបចុកបានមួយសន្ទុះ ក៏លោក ថ្លាង ភិនរ៉ា ដើរចូលកន្លែងហូបចុករបស់លោកដោយមិនមានការអញ្ជើញនោះឡើយ តែដោយសារធ្លាប់ស្គាល់គ្នាទើបអ្នករួមតុអនុញ្ញាតឱ្យលោក ថ្លាង ភិនរ៉ា រួមតុតែម្តង ។

ការហូបចុកបានបន្តរហូតដល់ម៉ោងប្រមាណ២រសៀល មិត្តភក្តិមួយចំនួនបានត្រឡប់ទៅផ្ទះអស់ នៅសល់មនុស្សប្រមាណតែ៥នាក់ប៉ុណ្ណោះ រួមមានរូបលោក និងភរិយាផង អង្គុយហូបចុកមួយតុរួមគ្នា។

ពេលនោះលោក ថ្លាង ភិនរ៉ា ដែលមានអាការៈស្រវឹងស្រាផងនោះ ក៏បានចាប់ផ្តើមប្រើពាក្យសម្តីព្រមានពីការបិទហាង ឬដាក់នគរបាលចាំត្រួតពិនិត្យជាតិអាល់កុលនៅមុខហាងគុយទាវជាដើម។ មិនត្រឹមតែប៉ុណ្ណោះ លោក ថ្លាង ភិនរ៉ា ថែមទាំងបានអួតអាងថា ខ្លួនអាចទូរស័ព្ទទៅលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ឱ្យបិទហាងគុយទាវអង្គរជុំពេលណាក៏បានថែមទៀតផង។

នៅក្នុងពាក្យបណ្តឹងលោក សុខហេង បានរៀបរាប់ថា ក្រោយមានការលើកឡើងបែបនេះ លោកក៏បានតមាត់ទៅវិញថា ហាងរបស់លោកលក់គុយទាវ កាហ្វេ មិនបានលក់គ្រឿងញៀនអីនោះទេ ហេតុអ្វីក៏ចង់បិទហាងរបស់លោក។

បើតាមការរៀបរាប់របស់លោក សុខហេង ក្រោយពីប៉ះសម្តីគ្នាបែបនេះ លោក ថ្លាង ភិនរ៉ា ប្រធានការិយាល័យប្រឆាំងភេរវកម្មក្រសួងមហាផ្ទៃ បានដកកាំភ្លើងពីចង្កេះរួចអាមេបញ្ចូលគ្រាប់ភ្ជង់ទៅលើរូបលោក និងភរិយា។ លោក សុខហេង បានបន្តថា មិនត្រឹមតែបានដកកាំភ្លើងមកភ្ជង់នោះទេ លោក ភិនរ៉ា បានប្រើសម្តីធ្ងន់ៗគំរាមសម្លាប់រូបលោក និងភរិយាថែមទៀតផង។

ក្នុងពាក្យបណ្ដឹងដដែលនេះជនរងគ្រោះបានទាមទារសំណងជំងឺចិត្ត ១០ម៉ឺនដុល្លារអាមេរិក និងបានស្នើសូមឲ្យច្បាប់ផ្តន្ទាទោសលើមន្ត្រីនគរបាលនោះធ្ងន់ធ្ងរជាទីបំផុត មិនអាចលើកលែងបាន ៕