• Cambodia Peace Channel

CPC-រូបភាពប៉ុន្មានសន្លឹករបស់ កីឡាការិនីរត់ប្រណាំងកម្ពុជា បានធ្វើអោយចាក់ដោតបេះដូងអ្នកគាំទ្រកម្ពុជា និងសារព័ត៌មានបរទេស

ភ្នំពេញ៖ កីឡាការិនី ប៊ូ សំណាង បានឆក់យកបេះដូងគាំទ្រ បានរយៈរូបភាពប៉ុន្មានសន្លឹក ដែលរូបនាង បានព្យាយាមរត់ចម្ងាយ៥គីឡូម៉ែត្រ ទាំងមេឃភ្លៀងនិងខ្យល់ខ្លាំង បើទោះបីជាដឹងថាខ្លួនចាញ់គេច្រើនជុំក៏ដោយ រហូតដល់មានសារព័ត៌មានថៃ និងវៀតណាមបានចុះផ្សាយព្រោងព្រៀត ។

យោងតាមផេកហ្វេសបុករបស់ ព្រះបាទនរោត្តមសីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានបង្ហោះរូបភាពកីឡាការិនី ប៊ូ សំណាងនៅថ្ងៃទី៩ ខែឧសភានេះ ដោយភ្ជាប់ខ្លឹមសារទាំងស្រុងថា «កីឡា គឺលើសពីភាពឈ្នះ និងចាញ់» កីឡា មិនបានសំដៅទៅលើតែសេចក្តីឈ្នះចាញ់ចំពោះគូរប្រកួតនោះទេ ខ្លឹមសារបំផុតរបស់អត្តពលិក គឺការបង្ហាញឲ្យឃើញនូវសេចក្តីអំណត់តស៊ូ ការខិតខំប្រឹងប្រែងយកឈ្នះលើខ្លួនឯងចំពោះបញ្ហាដែលកំពុងប្រឈម ស្តែងឲ្យឃើញនូវចំណុចពិសេសរបស់យើងទៅកាន់ពិភពខាងក្រៅ មួយជំហាននៃការខិតខំប្រឹងប្រែង គឺមួយជំហានខិតទៅរកភាពជោគជ័យ។

ប្រជាជនកម្ពុជាគ្រប់រូបមានមោទនភាពយ៉ាងក្រៃលែងចំពោះ អត្តពលិក តំណាងដល់កម្ពុជាទាំងអស់ដែលបានខិតខំប្រឹងប្រែងស្វែងរកមេដាយជូនជាតិ ហើយរក្សាបានជូនកម្ពុជានូវចំណាត់ថ្នាក់ទី១ នៃប្រទេសទទួលបានមេដាយច្រើនជាងគេក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ។ យើងនៅទីនេះគាំទ្រអ្នក មិនថាជ័យជំនះ ឫបរាជ័យ។

ជុំវិញរឿងរ៉ាវរបស់កីឡាការិនីប៊ូ សំណាង ត្រូវបានផេកសារព័ត៌មានថៃឈ្មោះMain Stand ផ្សព្វផ្សាយ និងបានបង្ហោះរូបភាពព្រមទាំងសំណេរដែលមានខ្លឹមសារទាំងស្រុងថា៖ ប៊ូ សំណាង កីឡាការិនីអត្តពលកម្ម ជម្រើសជាតិ កម្ពុជាដែលត្រូវប្រកួត ដណ្តើមក្នុង វិញ្ញាសារត់ចម្ងាយ ៥.០០០ ម៉ែត្រ។ នៅពេលចាប់ផ្ដើមរត់ ស្រាប់តែភ្លៀង ធ្លាក់យ៉ាងខ្លាំង តែនាងបន្តរត់រហូតមិនឈប់ ។ត្រឹមរយៈពេលប្រហែល ៧នាទីប៉ុណ្ណោះ កីឡាករគូប្រកួតបាន មកដល់ទីអស់ទៅហើយ ហើយនាងបន្តរត់រហូតដល់ទីបញ្ចប់ ទោះបីជានាងជាអ្នកចុងក្រោយក៏ដោយ។នៅចុងបញ្ចប់នៃចម្ងាយ ៥.០០០ ម៉ែត្រជាមួយនឹងពេលវេលា ២២:៥៤នាទីនាងអាចធ្វើបានដោយមកដល់ទី ហើយ ទទួលបាន ការទះដៃអបអរសាទរពី អ្នកនៅជុំវិញ។

នាងបានយំ ហើយលើកដៃអគុណ ក្រោមតំណក់ភ្លៀង ។ ទំព័រហ្វេសបុកថៃមួយបានសរសេរថា « វាជាថ្ងៃដែលខ្ញុំឃើញមនុស្សយំ ដោយមិនឃើញទឹកភ្នែក ប៉ុន្តែក្រឡេកមើលទៅវិញ ខ្ញុំ មានអារម្មណ៍ដឹងគុណជាខ្លាំង។ ហើយអរសប្បាយជាមួយគាត់ ហើយយកកាម៉េរ៉ាមក ថត គាត់។ ខ្ញុំមិនដឹងមូលហេតុពិតដែលនាងយំទេ តើមានអ្វីលើសពីនេះទេ? ប៉ុន្តែប្រាកដណាស់ ខ្ញុំ ជឿជាក់… នៅក្នុងពិភពនៃការប្រកួតប្រជែង អ្នកដែលឆ្លងផុតវគ្គទី១ គឺលឿនជាងគេ។ ប៉ុន្តែនៅក្នុងពិភពនៃជីវិតពិត មានតែអ្នកផ្ទាល់ដែលអាចដឹង និងកំណត់គោលដៅ ហើយការមក ដល់ទីក្រោយគេ មិនមែនជាទីបញ្ចប់នៃពេលវេលាឡើយ»៕