• Cambodia Peace Channel
#ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តលឿនដូចហោះ ជ្រុលទៅបុករទេះលក់មីឆា និងម៉ូតូកងបីលើសួនប្រជាធិបតេយ្យ

ភ្នំពេញ៖ បុរសម្នាក់សង្ស័យបើកបររថយន្តក្នុងស្ថានភាពស្រវឹង រេចង្កូតពេញផ្លូវរហូតបុករះឡើងសួនទីលានប្រជាធិបតេយ្យឫស្សីកែវ ព្រមទាំងបណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់ស្រាល ចំនួន៣នាក់កាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅចំណុចសួនទីលានប្រជាធិបតេយ្យ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បានបើកបររថយន្តកាមរីគូទស្វិត ពណ៌ប្រផេះ ដែលមានស្លាកលេខ ឃ4040 – ភព២ បានបើកបរក្នុងល្បឿនលឿនដូចហោះ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងជើង លុះមកដល់ចំណុចកើតហេតុ ត្រង់ចំណុចទីលានប្រជាធិបតេយ្យ រថយន្តក៏បានរេចង្កូតបុករះកង់បី០១គ្រឿង ខណៈមិនទាន់អស់ល្បឿនក៏បានជ្រុលទៅបុករះបង្កាន់ដៃសួនច្បារទីលានប្រជាធិបតេយ្យ ជ្រុលទៅបុករទេះលក់មីឆា ដែលចតចោលនៅលើសួន បណ្តាលអោយមានមនុស្ស រងរបួសធ្ងន់ស្រាលចំនួន០៣នាក់ ត្រូវបានរថយន្តសាម៉ុយ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់ នៅពេលក្រោយ៕