• Cambodia Peace Channel
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-ការជួសជុលខឿនបាកាណប៉ែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្តដំណាក់កាលទី៣ ត្រូវបញ្ចប់ជាស្ថាពរ

សៀមរាប៖មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ឃាម មុនី ឱ្យដឹងថា ក្នុងគម្រោងជួសជុលខឿនបាកាណ ប៉ែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្ត គឺក្រុមការងារបានជួសជុលថ្មបែកបាក់ចំនួន២៩២ដុំ ដែលរុះរើពីតាមផ្នែកនៃជ្រុងនីមួយៗឱ្យល្អរឹងមាំរួចហើយរៀបចំទៅតាមកន្លែងដើមឡើងវិញ។

លោក ឃាម មុនី ឱ្យដឹងទៀតថា បន្ថែមពីលើការជួសជុលថ្មបែកបាក់ពីតាមផ្នែកនៃជ្រុងនីមួយៗឱ្យរឹងមាំរួចហើយរៀបចំទៅតាមកន្លែងដើមឡើងវិញនោះ ក្រុមការងារបច្ចេកទេសក៏បានជួយសង្គ្រោះការខូចខាតជាច្រើនកន្លែងផ្សេងទៀតឱ្យប្រសើរឡើងវិញដែរ ដូចជា រុញថ្មដែលញែកចេញពីគ្នាឱ្យចូលគ្នា ពង្រឹងរចនាសម្ព័ន្ធរបស់ប្រាសាទទាំងមូលឱ្យរឹងមាំឡើងវិញដែរ។

ខឿនបាកាណ ប៉ែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្តដែលមានអាយុកាលនៃសំណង់យូរលង់មកហើយ បានរងការខូចខាតដោយសារតែដើមឈើដុះចាក់ឬសចូលតាមថ្នេរថ្មខឿន និងចូលទៅក្នុងគ្រឹះធ្វើឱ្យថ្មរហែកញែកចេញពីគ្នា រួមផ្សំនិងកត្តាទឹកភ្លៀងហូរចូលតាមចន្លោះថ្មទៅក្នុងគ្រឹះផងបណ្តាលឱ្យគ្រឹះខ្សោយនិងស្រុត។

ក្រុមអ្នកបច្ចេកទេសរំពឹងថា ក្រោយពីបញ្ចប់ការជួសជុលខឿនបាកាណរបស់ប្រាសាទអង្គរវត្ត គឺជាទីតាំងសំខាន់ដែលធ្វើឱ្យភ្ញៀវទេសចរឆ្លងកាត់ឥតដាច់ ដូច្នេះហើយ បានជាអ្នកជំនាញត្រូវយកចិត្តទុកដាក់ថែរក្សាបេតិកភណ្ឌដ៏មហស្ចារ្យមួយនេះឱ្យបានល្អដើម្បីរួមចំណែកក្នុងការលើកតម្លៃក្នុងតំបន់នេះផង និងអាចបង្កើនកន្លែងទស្សនាដល់ទេសចរឱ្យកាន់តែមានជម្រើសច្រើនផង៕