• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-មន្ទីរកសិកម្មខេត្តសៀមរាប សហការជាមួយអាជ្ញាធរជាតិអប្សរា ធ្វើការស៊ីបអង្កេតលើករណីជនខិលខូចយាយីធ្វើឱ្យសត្វស្វាមានរបួសនៅតំបន់អង្គរ

សៀមរាប៖មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តសៀមរាប​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ស៊ើបអង្កេត​លើ​ជនខិលខូច​មួយ​ក្រុម​បាន​យាយី​ធ្វើ​ឱ្យ​សត្វ​ស្វា មាន​របួស​នៅ​តំបន់​​អង្គរ ដើម្បី​អនុវត្ត​នីតិវិធី​ច្បាប់ នេះបើយោងតាមលិខិតចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ។

មន្ទីរកសិកម្មខេត្តសៀមរាប បានអោយដឹងថា នាពេលថ្មីៗនេះ មានជនខិលខូចមួយក្រុមតូច បានយាយីធ្វើឱ្យរបួសសត្វស្វា យកជើងទាត់ និងគ្រវែងសត្វស្វាចូលក្នុងទឹក ដើម្បីថតរូបក្នុងគោលដៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួននៅតំបន់រមណីយដ្ឋានអង្គរខេត្តសៀមរាប។ដើម្បីទប់ស្កាត់សកម្មភាពទាំងនេះ បច្ចុប្បន្នមន្ទីរកសិកម្មខេត្ត កំពុងសហការជាមួយអាជ្ញាធរជាតិអប្សរា នឹងធ្វើការស៊ីបអង្កេតលើករណីជនខិលខូចមួយក្រុមតូចទាំងនោះ។
យោងតាមច្បាប់ស្តីពីព្រៃឈើមាត្រា ៤៨ ចែងថា៖ពពួកសត្វព្រៃគ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជាជាទ្រព្យសម្បត្តិរបស់រដ្ឋ និងជាសមាសភាគនៃធនធានព្រៃឈើរួមមាន ពួកថនិកសត្វ បក្សីសត្វ ឧរង្គសត្វ ផលជលិកសត្វ បាណកសត្វ និងសត្វ ឥតឆ្អឹងកងផ្សេងៗទៀតព្រមទាំងពងកូនរបស់វា និងមាត្រា ៩៩ចែងថាៈ ត្រូវផ្តន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី៣ ដែលត្រូវជាប់ពន្ធនាគារពី ០១ខែទៅ ០១ឆ្នាំ ឬត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១លានទៅ ១០លានរៀល វត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ ចំពោះជនណាដែលបានប្រព្រឹត្តបទល្មើសយាយីធ្វើឱ្យរបួស ប្រមូលពងកូននៃប្រភេទសត្វក្នុងក្រុមជិតផុតពូជ ឬក្រុមមានដោយកម្រឬបំផ្លាញជម្រករបស់វា៕