• Cambodia Peace Channel

រូងភ្នំអាថ៌កំបាំង ដែលស្ថិតនៅក្នុងប្រាសាទស្រីគ្រប់លក្ខណ៍ នៃខេត្តកំពង់ស្ពឺ!

កំពង់ស្ពឺ៖ប្រាសាទស្រីគ្រប់លក្ខណ៍ ជាប្រាសាទមួយដែលមានវ័យចំណាស់ជាងគេនៅក្នុងតំបន់ ដែលត្រូវបានសាងសង់ឡើង នៅក្នុងសម័យវប្បធម៍ចេនឡា ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ។ កាលពីសម័យបុរេប្រវត្តិសាស្ត្ររហូតដល់សតវត្សរ៍ទី៧ នៃគ្រឹស្តសករាជ ភ្នំនៅទីនោះ ត្រូវបានគេចាត់ទុកថា ជាកន្លែងដ៏អស្ចារ្យ។

នេះដោយសារតែជនជាតិខ្មែរ មានជំនឿលើមហិទ្ធិឬទ្ធិនៃភ្នំ និងរូងភ្នំដែលគេចាត់ទុកថា ជាកន្លែងដែលពោរពេញទៅដោយបារមីស័ក្តិសិទ្ធិក្នុងការគោរពជាទីសក្តារៈ។

ប្រាសាទស្រីគ្រប់លក្ខណ៍ មានក្បាច់រចនាយ៉ាងល្អប្រណិត ថ្វីត្បិតតែត្រូវរបេះជ្រុះ ឬរលុបសឹងទាំងអស់ក៏ដោយ។ ហើយដំបូលនៃបូជនីយដ្ឋាននេះ ត្រូវរលំបាក់ដែលមានមុខបែរទៅទិសខាងកើត ដូចជាទីតាំងស័ក្តិសិទ្ធផ្សេងៗឯទៀតក្នុងសម័យចេនឡា ដែលប្រាសាទមានទ្វារបញ្ឆោត៣គឺ នៅខាងលិច ត្បូង និងជើង។

នៅលើជញ្ជាំងទាំង៤ទិសនៃប្រាសាទ គេឃើញមានសសរពេជ្រតូចៗធ្វើអំពីឥដ្ឋ លើកលែងតែទ្វាពិត ដែលមានសសរពេជ្រធ្វើពីថ្មភក់ពីរទ្រក្បាច់ផ្តែរ និងមានរាងក្បាច់ផ្កាជាបន្ទាត់កោង។ នៅតាមស៊ុមទ្វារនីមួយៗ មានក្បាច់វិមានអាកាសតូចៗពីរទាំងសងខាង។

ប្រាសាទនេះ ត្រូវបានសាងសង់ឡើង ក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី១ ចន្លោះឆ្នាំ៦៥៥-៦៨១ នៃគ.ស ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ម្យ៉ាងវិញទៀត តាមការវិភាគក្បាច់ផ្តែរបានឲ្យដឹងថា ប្រាសាទនេះស្ថិតក្នុងអន្តរកាលរវាង រចនាបថព្រៃក្មេង និងកំពង់ព្រះ។ ក្រោយពីសង្គ្រាមត្រូវបានបញ្ចប់នៅឆ្នាំ១៩៩៣ ក្នុងពេលដែលទៅសិក្សាប្រាសាទស្រីគ្រប់លក្ខណ៍ឡើងវិញ យើងបានឃើញមានសំណល់ស្ថាបត្យកម្ម ប្រាសាទថ្មធំមួយទៀត ស្ថិតនៅប្រមាណជា ១៥ម៉ែត្រ ពីខ្លោងទ្វារប្រាសាទឥដ្ឋខាងលើនេះ។

តែជាអកុសល ប្រាសាទដទៃៗឯទៀតមួយចំនួនធំ និងបូជនីយដ្ឋានដ៏សំខាន់នេះ ត្រូវបានសង្គ្រាមនឹងជនទុច្ចរិតបំផ្លាញខ្ទេចខ្ទីអស់ សូម្បីតែគ្រឹះប្រាសាទធ្វើអំពីថ្មបាយក្រៀម ក៏ត្រូវគេគាស់រំលើងផងដែរ៕ ដោយ៖ស្រ៊ីប ឡានី