• Cambodia Peace Channel

បើអ៊ីចឹងមែននោះចប់ហើយ ! Lionel Messi ប្រឈមព្យួរការប្រកួត ២ឆ្នាំ ក្រោយរិះគន់សហព័ន្ធបាល់ទាត់ថាមានអំពើពុករលួយ

អាហ្សង់ទីន៖ការផ្តល់កាតក្រហមមួយសន្លឹកជូនកំពូលខ្សែប្រយុទ្ធឆ្នើមកីឡាករ Lionel Messi ក្នុងអំឡុងពេលជម្រើសជាតិអាហ្សង់ទីនឈ្នះ ជម្រើសជាតិឈីលី បានលេខ៣ នៃពានរង្វាន់ Copa America កំពុងធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងសម្រាប់អ្នកគាំទ្រកំពូលខ្សែប្រយុទ្ធរូបនេះ។

ក្រោយចប់ការប្រកួត និងទទួលបានកាតក្រហម ខ្សែប្រយុទ្ធរូប បានរិះគន់យ៉ាងទៅដល់សហព័ន្ធបាល់ទាត់ Copa America និងអាជ្ញាកណ្តាលចំពោះការប្រកួត ដោយ Messi បាននិយាយថា “វាច្បាស់ណាស់ទៅហើយថា អ្វីៗគ្រប់យ៉ាងហាក់ដូចជាការរៀបចំសម្រាប់ក្រុមប្រេស៊ីល“។

កំពូលខ្សែប្រយុទ្ធរូបនេះបានបន្ថែមទៀតថា “ខ្ញុំសង្ឃឹមថា VAR និងអាជ្ញាកណ្តាល មិនរួមចំណែកណាមួយជួយឲ្យប្រេស៊ីល ឈ្នះប៉េរ៉ូ នៅវគ្គផ្តាច់ព្រ័ត្រនោះទេ ប៉ុន្តែវាហាក់ដូចជាពិបាកណាស់សម្រាប់ខ្ញុំ។ ខ្ញុំមិនចង់ក្លាយជាផ្នែកមួយ នៃអំពើពុករលួយនោះទេ ហើយយើងក៏មិនគួររួមចំណែកណាមួយ បំពានច្បាប់ នៃពានរង្វាន់Copa America ដែរ”។ នេះបើយោងតាមការចុះផ្សាយរបស់ Mirror កាលពីថ្ងៃទី៨ ខែកក្កដា ម្សិលមិញ។

សម្តីរិះគន់របស់កំពូលខ្សែប្រយុទ្ធ Lionel Messi អាចប្រឈមនឹងការជាប់ពិន័យពីការប្រកួតឲ្យជម្រើសជាតិអាហ្សង់ទីន រយៈពេល ២ឆ្នាំ។ នេះបើផ្អែកទៅលើច្បាប់របស់សហព័ន្ធអាមេរិកខាងត្បូង CONMEBOL។

សូមជម្រាបថា បើសិនជាសហព័ន្ធបាល់ទាត់រកឃើញថា Lionel Messi មានកំហុសដោយសារការរិះគន់ចំៗដល់សហព័ន្ធបាល់ទាត់ ហើយពិន័យរយៈពេលចំនួន ២ឆ្នាំនោះ មានន័យថា Messi មិនអាចចូលរួមជួយក្រុមអាហ្សង់ទីននូវការប្រកួតវគ្គជម្រុះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅកាតា និងCopa America នៅអាហ្សង់ទីន និងកូឡុំបី នៅឆ្នាំក្រោយនោះទេ ៕ ដោយ៖ស្រ៊ីប ឡានី