• Cambodia Peace Channel

FIFA តម្រូវឲ្យក្លិប Hai Phong FC បង់ប្រាក់ចំនួន ២០០,០០០ដុល្លារដល់កីឡាករបរទេស ក្រោយ FIFA រកឃើញថា ក្លិបនេះបំពានកិច្ចសន្យា

វៀតណាម៖សមាគមន៍សហព័ន្ធកីឡាករបាល់ទាត់អន្តរជាតិ ហៅកាត់ថា FIFA ទាមទារឲ្យក្លិប Hai Phong FC បង់ប្រាក់ចំនួន ២០០,០០០ដុល្លារដល់កីឡាករ Errol Stevens ដោយFIFA រកឃើញថា ក្លិបបានរំលោភបំពានកិច្ចសន្យារបស់ខ្លួន ជាមួយកីឡាករបរទេសខ្សែប្រយុទ្ធរូបនេះ។

Hai Phong FC ត្រូវបង់ប្រាក់ពិន័យនេះក្នុងរយៈពេល ៤៥ថ្ងៃ ឬអាចប្រឈមមុខនឹងការដាក់ទោសយ៉ាងធ្ងន់ធ្ងរ ដូចជាហាមឃាត់ចំពោះការផ្ទេររកីឡាករយៈពេល ៣ឆ្នាំ និងការហាមមិនឲ្យលេងជាដើម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម។

ប្រធានក្លិប Hai Phong FC លោក ត្រាន ម៉ាញ់ហូង បានសម្តែងនូវសេចក្តីភ្ញាក់ផ្អើលជាខ្លាំង ចំពោះការសម្រេចចិត្តរបស់ FIFA នេះ ហើយលោកបាននិយាយថា ក្លិបនឹងប្តឹងទៅឧទ្ធរណ៍។ លោកបានបន្ថែមថា កាលពីមុនក្លិបបានបញ្ជួនសំណុំឯកសារដែលពន្យល់អំពីការរំលោភបំពានកិច្ចសន្យាទៅ FIFA រួចរាល់ហើយដែរ ប៉ុន្តែត្រូវបានពួកគេច្រានចោល។

សូមជម្រាបថា ខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំ កីឡាករ Stevens បានចូលរួមជាមួយក្លិប Hai Phong FC កាលពីឆ្នាំ២០១៥ ក្នុងតម្លៃខ្លួន ៨០០០ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយខែ ហើយបានបន្តកិច្ចសន្យាសម្រាប់ឆ្នាំ២០១៨ និង២០១៩ ប៉ុន្តែត្រូវបានក្លិបបដិសេធមិនឲ្យគាត់រក្សាច្បាប់ចម្លងនៃកិច្ចសន្យាណាមួយទេ៕ ដោយ៖ស្រ៊ីប ឡានី