• Cambodia Peace Channel

អ្នកអាចភ្លេចកូវីដ-១៩ តែកូវីដ-១៩ មិនភ្លេចអ្នកទេ ! ថ្ងៃនេះ ក្រសួងសុខាភិបាលប្រកាសរកឃើញមានអ្នកឆ្លងវីរុសកូវីដ-១៩ ថ្មី ម្នាក់ទៀត

ភ្នំពេញ៖ស្ត្រីជនជាតិបារាំងម្នាក់ មានអាយុ ៣៣ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយកន្លែងក្នុងខេត្តព្រះសីហនុ ត្រូវបានក្រសួងសុខាភិបាលកម្ពុជា ប្រកាសថា បានឆ្លងវីរុសកូវីដ-១៩ កាលពីថ្ងៃទី៩ ខែតុលា ម្សិលមិញ។ នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នេះ ។

ស្ត្រីជនជាតិបារាំងរូបនេះ ជាអ្នកដំណើរពី​ប្រទេសបារាំង តាមជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង និងមកដល់កម្ពុជា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ថ្មីៗនេះ និងមានអ្នករួមដំណើរជាមួយសរុបចំនួន ៥៩នាក់ ក្នុងនោះ ៥៨នាក់ផ្សេងទៀត លទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ និងតម្រូវអោយធ្វើចក្តាឡីស័កចំនួន​ ១៤ថ្ងៃ ខណៈស្ត្រីជនជាតិបារាំងដែលឆ្លងវីរុសកូវីដ-១៩ ថ្មី នេះ ត្រូវបានដាក់សម្រាកឲ្យព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមជម្រាបថា បច្ចុប្បន្ននេះ កម្ពុជារកឃើញមានអ្នកឆ្លងវីរុសកូវីដ-១៩ សរុបចំនួន ២៨៣នាក់ ក្នុងនោះមានអ្នកជំងឺជាសះស្បើយសរុបចំនួន ២៧៧នាក់ និងអ្នកជំងឺកំពុងដាក់សម្រាកព្យាបាលសរុបចំនួន ៦នាក់ ពោលគឺ អ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន ៤នាក់ និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាបចំនួន ២នាក់៕