• Cambodia Peace Channel

ឃាតកដែលយកញញួរវាយសម្លាប់បុរសម្នាក់ នៅខណ្ឌឫស្សីកែវ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនទាំងយប់រំលងអាធ្រាត្រ នៅខេត្តស្ទឹងត្រែង (វីដេអូ)

ភ្នំពេញ៖ឃាតកដែលយកញញួរវាយសម្លាប់បុរសម្នាក់ជាកម្មករហាងនំខណៈពរកូនតូចក្នុងដៃ នៅខណ្ឌឫស្សីកែវ កាលពីប៉ុន្មានថ្ងៃមុននេះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយនគរបាលខេត្តស្ទឹងត្រែង ចាប់ខ្លួនទាំងយប់រំលងអាធ្រាត្រ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ រួចបញ្ជូនមកសាកសួរបន្ថែមនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ទើបប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីចាត់ការបន្តតាមនីតិវិធី ។

ប្រតិបត្តិការបង្ក្រាបបានដោយជោគជ័យ នេះ គឺ មានចង្អុលបង្ហាញផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ អោយកម្លាំងជំនាញបើកការស្រាវជ្រាវបន្ទាន់ក្រោយកើតហេតុ ។

ដោយទទួលបានបទបញ្ជាពីថ្នាក់ដឹកនាំ រួចមក , លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយអអធិការដ្ឋានខណ្ឌឫស្សីកែវ និង ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង និង មានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាខេត្តស្ទឹងត្រែង ទើបឃាត់ខ្លួនឃាតកបានទាំងយប់ រំលងអាធ្រាត្រថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នៅចំណុចអូក្លុង គីឡូម៉ែត្រលេខ៩ ផ្លូវជាតិលេខ៧ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

ឃាតករ ឈ្មោះ ផល បញ្ញា អាយុ៣១ឆ្នាំ បានសារភាពប្រាប់សមត្ថកិច្ច ថា មូលហេតុដែល ខ្លួនវាយសម្លាប់ជនរងគ្រោះព្រោះខឹងនឹងជនរងគ្រោះ ដែលជេរប្រមាថមកលើខ្លួន រួចក៏មានចិត្តគុំគួនតែម្ដង ដោយធ្វើសកម្មភាពយកញញួរវាយទៅលើក្បាលជនរងគ្រោះឈ្មោះ ហន ចាន់រស្មី ចំនួន ២ញញួរ មួយញញួរវាយចំសៀតផ្កា និង មួយញញួរទៀតចំក្បាលផ្នែកខាងក្រោយ បណ្តាលអោយស្លាប់ ពិតប្រាកដមែន ។

គួររំលឹកថា អំពើឃាតកម្ម នេះ គឺ បានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ នៅចំណុចហាងលក់នំយីហោ «ផ្ទះនំខេក» ទីតាំងផ្ទះលេខ៧៥២ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ៕