• Cambodia Peace Channel

លោក អំ សំអូន សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល និង ជា «ម្ចាស់គម្រោងដីឡូតិ៍ក្រុងតាខ្មៅថ្មី» បន្តរស់នៅក្រៅសំណាញ់ច្បាប់យ៉ាងរំភើយ ខណៈមិនបានធ្វើប្លង់រឹងជូនពលរដ្ឋ តាមការសន្យាជាង២ឆ្នាំមកហើយ ក៏ដោយ

កណ្តាល៖ប្រជាពលរដ្ឋជាច្រើននាក់ រស់នៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល និង ជាអតិថិជនដែលបានទិញដីឡូតិ៍ពីលោក អំ សំអូន សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល និង ជា «ម្ចាស់គម្រោងដីឡូតិ៍ក្រុងតាខ្មៅថ្មី» បានទាមទារអោយលោក អំ សំអូន ធ្វើប្លង់រឹងជូនពលរដ្ឋ តាមការសន្យា ព្រោះខកខានរយៈពេលជាង២ឆ្នាំមកហើយ រហូតមានការប្រមូលផ្តុំគ្នាមុខសាលាខេត្តកណ្តាល នាពេលថ្មីៗនេះ ផងដែរ ដើម្បីទាមទារដំណោះស្រាយ ពីលោកអភិបាលខេត្តកណ្តាល ។

លោក រឿន រ៉ែន តំណាងប្រជាពលរដ្ឋ ថ្លែងប្រាប់ CPC NEWS ថា រហូតមកទល់ពេលនេះ ប្រជាពលរដ្ឋនៅពុំទាន់ទទួលបានដំណោះស្រាយពីអាជ្ញាធរនៅឡើយទេ ខណៈលោកអភិបាលខេត្តកណ្តាល ក៏ពុំទាន់អញ្ជើញប្រជាពលរដ្ឋ ដើម្បីជួបចរចារបញ្ហានេះដែរ

លោក រឿន រ៉ែន បន្តថា ប្រជាពលរដ្ឋបានដាក់ញត្តិជូនខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួចរាល់ហើយ ដើម្បីអោយសម្តេចជួយអន្តរាគមន៍ បញ្ហានេះ ។ តំណាងពលរដ្ឋ បន្តថា លោក អំ សំអូន គឺ មានចេតនាមិនធ្វើប្លង់រឹងជូនប្រជាពលរដ្ឋ តាមការសន្យា ឡើយ ។

ឆ្លើយតបបញ្ហានេះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ថ្លែងប្រាប់ CPC NEWS កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ ថា អាជ្ញាធរកំពុងពិនិត្យលើឯកសារពាក់ព័ន្ធ ហើយនឹងអញ្ជើញប្រជាពលរដ្ឋបានជួបពិភាក្សាគ្នា ជុំវិញបញ្ហានេះ នាពេលខាងមុខនេះ ។

យោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ បានអោយដឹងថា លោក អំ សំអូន បានទទួលប្រាក់ពីប្រជាពលរដ្ឋទាំងអស់គ្នា ខ្លះបានផ្តល់អោយគ្រប់ចំនួន រីឯ ខ្លះទៀតនៅសល់បន្តិចបន្តួច និង ចាំទទួលបានប្លង់រឹងទើបអោយប្រាក់បង្គ្រប់ ។

គ្រប់ដីឡូតិ៍នីមួយៗ គឺ ទទួលបានការសន្យាពីឈ្មោះ សុខ វិចិត្រ ដែលជាតំណាងលោក អំ សំអូន ថា រយៈពេល៣ទៅ៦ខែ នឹងទទួលបានប័ណ្ណកម្មសិទ្ធិប្លង់រឹង ក្រោមការរៀបចំឯកសារកាត់ប្លង់ និង ចេញបង្កាន់ដៃដោយលោក ម៉ែន សាមិទ្ធ មន្ត្រីសូរិយោដីស្រុកស្អាង ។

ប៉ុន្តែ មកដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ប្រជាពលរដ្ឋនៅតែពុំទាន់ទទួលបានប័ណ្ណកម្មសិទ្ធិប្លង់រឹងនៅឡើយទេ ៕