• Cambodia Peace Channel

បែកធ្លាយ ! លោកវរសេនីយ៍ឯក កែវ តាយ នាយប៉ុស្តិ៍ ស្តីទី នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូយ៉ាដាវ ខេត្តរតនគិរី លួចដោះលែងសត្វត្រគួត ប្រហែល៥០ក្បាលនិងជ្រូកព្រៃ២ក្បាល ជាថ្នូរនឹងលាភសក្ការៈ

រតនគិរី៖តាមរយៈសារពីមន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិអូយ៉ាដាវ ខេត្តរតនគិរី បានផ្ញើមកកាន់អង្គភាពសារព័ត៌មាន CPC NEWS នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នេះ ដោយបង្ហើបប្រាប់ថា លោកវរសេនីយ៍ឯក កែវ តាយ នាយប៉ុស្តិ៍ ស្តីទីនៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូយ៉ាដាវ ខេត្តរតនគិរី និង ជាមនុស្សជំនិតរបស់លោកមេប៉ុស្តិ៍ វរសេនីយ៍ឯក ខឹម ចិត្ត្រា បានធ្វើការដោះលែងសត្វត្រគួតប្រហែល៥០ក្បាលនិងជ្រូកព្រៃ២ក្បាល ហើយបាននាំចេញទៅប្រទេសវៀតណាម ។

មន្ត្រីដដែល បង្ហើបក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ថា មន្ត្រីថ្នាក់ក្រោមខំប្រឹងចាប់ បែរជា លោកវរសេនីយ៍ឯក កែវ តាយ នាយប៉ុស្តិ៍ ស្តីទីនៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូយ៉ាដាវ ខេត្តរតនគិរី មិនបានប្រគល់ទៅអោយសមត្ថកិច្ចជំនាញ នោះទេ ។

ដំណើររឿងនៃបញ្ហានេះ ត្រូវបានមន្ត្រី បន្តអះអាងថា នៅវេលាម៉ោង១០៖៤០នាទី ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចរបស់ប៉ុស្តិ៍នគរបាលព្រំដែនអន្តរជាតិអូយ៉ាដាវ មានលោកវរសេនីយ៍ទោ រំចំ ជីព និង លោកវរសេនីយ៍ទោ ឆេក គន្ធា ព្រមកម្លាំងនគរបាលវរការពាព្រំដែន២នាក់ បានចុះល្បាតតាមខ្សែបន្ទាត់ព្រំដែន ។

ដល់ចំណុចបង្គោលឡាក់លេខ២៩,២ បានពើបប្រទះឃើញជនល្មើសដឹកសត្វព្រៃបម្រុងនាំចេញទៅវៀតណាម ទើបកម្លាំង ធ្វើការព័ទ្ធចាប់បានដែលមានសត្វ ត្រគួតប្រហែល៥០ក្បាលនិងជ្រូកព្រៃ២ក្បាល ។ ចំណែកអ្នកដឹករត់បាត់ ។ ពេលនោះ កម្លាំងបានទូរស័ព្ទទៅលោកវរសេនីយ៍ឯក កែវ តាយ នាយប៉ុស្តិ៍ ស្តីទីនៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូយ៉ាដាវ ខេត្តរតនគិរី ដើម្បីយកកម្លាំងមកបន្ថែមនិងយកឡានដឹកសត្វព្រៃយកមកអង្គភាព ហើយទម្លាក់ទុកនៅខាងក្រោយអង្គភាព ។

លុះដល់វេលាម៉ោង១១៖៣០នាទី លោក កែវ តាយ ក៏ត្រឡប់ទៅផ្ទះគាត់ ហើយអ្នករត់ការក៏ជិះម៉ូតូទៅតាមក្រោយគាត់ដែរ ។ លុះម៉ោង១២ ស្រាប់តែលោក កែវ តាយ បានបញ្ជាអោយដោះលែងវិញ ទៅប្រាប់អ្នករត់ការអោយលុយទៅកម្លាំងនគរបាលវរការពាព្រំដែនចំនួន១០ម៉ឺនទៅ ដើម្បីបញ្ចប់រឿង តែនគរបាលវរការពារ មិនយកលុយនោះទេ ។

មន្ត្រីបង្ហើប ថា លោក កែវ តាយ ធ្វើដូច្នេះ កម្លាំងមន្ត្រីនគរបាលដែលខិតខំស្ទាក់ចាប់នោះអស់មានទឹកចិត្តក្នុងការបំពេញការងាហើយ ហើយក៏មិនបានសហការប្រគល់អោយទៅសមត្ថកិច្ចជំនាញបន្ត ដែរ ។ សូមបញ្ជាក់ថា លោក កែវ តាយ និង ប្រពន្ធ ជាជនជាតិវៀតណាម ហើយក៏ជាឈ្មួញរកស៊ីរបរគ្រប់ប្រភេទប្រចាំនៅច្រកទ្វារព្រំដែនអូយ៉ាដាវ ផងដែរ ។

បញ្ហានេះ សង្ឃឹមថា ថ្នាក់ដឹកនាំនឹងមានស៊ើបអង្កេតបញ្ហាប្រព្រឹត្តអំពើពុករលួយ នេះ ផង ៕