• Cambodia Peace Channel

លោកស្នងការខេត្តកណ្តាល នាំជនសង្ស័យដែលសម្លាប់យុវជនម្នាក់កាលពី៨ខែមុន មកធ្វើត្រាប់ពីសកម្មភាពដែលបានសម្លាប់ជនរងគ្រោះ (វីដេអូ)

កណ្ដាល៖លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និង មានការសម្របសម្រួលនីតិវិធីពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នេះ បាននាំជនសង្ស័យដែលសម្លាប់យុវជនម្នាក់កាលពី៨ខែមុន មកធ្វើត្រាប់ពីសកម្មភាពដែលបានសម្លាប់ជនរងគ្រោះ ។

គួររំលឹកថា កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល សហការជាមួយនគរបាលខេត្តតាកែវ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានតាមចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឃាតកម្ម ដោយជោគជ័យ ។ ប្រតិបត្តិការបង្ក្រាបដោយជោគជ័យ នេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ។

ជនសង្ស័យមានឈ្មោះ រិច ឆៃ ភេទប្រុស អាយុ២៥ឆ្នាំ ត្រូវបានចាប់ខ្លួនតាមដីកាបញ្ជាអោយចូលខ្លួនរបស់លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ជាប់សង្ស័យពីបទ «ឃាតកម្ម» ប្រព្រឹត្តកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចខាងកើតជាប់ទំនប់ទទឹងថ្ងៃ ភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ៕