• Cambodia Peace Channel

ទីណាមានទុក្ខ ទីនោះឃើញវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះទៅដល់ភ្លាមៗ

ភ្នំពេញ៖លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កំពុងមានប្រជាប្រិយភាពខ្លាំង ចំពោះការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ទាន់ពេលវេលា និង មានប្រសិទ្ធភាព រហូតធ្វើអោយមជ្ឈដ្ឋានជាច្រើន ប្រសិទ្ធនាមអោយថា «ទីណាមានទុក្ខ ទីនោះឃើញវត្តមានលោក ឃួង ស្រេង ចុះទៅដល់ភ្លាមៗ»។

ជាក់ស្តែង នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងមន្ត្រីជំនាញ អាជ្ញាធរដែនដី បានចុះពិនិត្យស្ថានភាពទឹកលិចដោយជំនន់ទឹកភ្លៀង និង សួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រ សង្កាត់សាក់សំពៅ និង សង្កាត់គងនយ នៃខណ្ឌដង្កោ ហើយ បានបន្តមកពិនិត្យមើលស្ថានភាព ការងារកាយប្រឡាយអមមហាវិថីឈ្នះឈ្នះចំនួន៣៧ទីតាំង នៅក្នុងភូមិសាស្ត្រ ខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ និង ខណ្ឌព្រែកព្នៅដែលរងការរំលោភបំពានចាក់ដីលុបនិងដាក់លូតូចៗជំនួសពីប្រជាពលរដ្ឋមួយចំនួន បណ្តាលអោយស្ទះទឹក ដែលក្រុមការងារនិងអាជ្ញាធរខណ្ឌបាននិងកំពុងស្តារនិងកាយប្រឡាយនេះវិញ ។

ក្នុងការ ចុះពិនិត្យស្ថានភាព ទឹកលិច ដោយជំនន់ទឹកភ្លៀង និងសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រសង្កាត់សាក់សំពៅ និងសង្កាត់ គងនយ ខណ្ឌ ដង្កោ នោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់អោយមានក្រុម មន្ត្រី ប្រចាំ ការ នៅផ្ទាល់ជាមួយប្រជាពលរដ្ឋ ចាំជួយអន្តរាគមន៍ជាមួយប្រជាពលរដ្ឋ និងរាយការណ៍បន្ទាន់មក រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយជូនពួកគាត់បានទាន់ពេលវេលា ។

ក្នុងនោះដែរ លោក ឃួង ស្រេង បានជួយ ឧបត្ថម្ភ ជាអង្ករដល់ប្រជាពលរដ្ឋ ដែល រងគ្រោះ ដោយ ជំនន់ ទឹក ភ្លៀង នៅសង្កាត់ គងនយ ចំនួន ៩០គ្រួសារ ក្នុង មួយគ្រួសារទទួលបានអង្ក២៥គីឡូ ផងដែរ ។

លោក ឃួង ស្រេង ក៏បានបន្តចុះទៅពិនិត្យស្ថាន ភាព ទឹកលិច និងពិនិត្យសកម្មភាព ជីកកាយប្រឡាយអមមហាវិថីឈ្នះៗចំនួន៣៧ទីតាំង ដែលរងការរំលោភបំពានចាក់ដីលប់ និងដាក់លូតូចៗ ជំនួសពីប្រជា ពលរដ្ឋមួយ ចំនួនបណ្តាលឲ្យស្ទះទឹកពេលទឹកភ្លៀងធ្លាក់យ៉ាងគំហុកនិងហូរធ្លាក់មកបន្ថែមពី ស្រុកអង្គស្នូលខេត្តកណ្តាល និងកំពង់ស្ពឺមួយចំណែកទៀតធ្វើអោយកើតមានជំនន់ទឹកភ្លៀងលិចភូមិដ្ឋានប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខណ្ឌកំបូល និងខណ្ឌពោធិសែនជ័យ រួមទាំងមួយចំណែកនៃផ្លូវជាតិលេខ៤ ។

ជាមួយគ្នានេះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ថ្លែងថា ការជីកកាយប្រឡាយអមវិថីឈ្នះៗចំនួន៣៧ទីតាំង នៅតាមមហាវិថីឈ្នះឈ្នះក្នុងភូមិសាស្ត្រខណ្ឌកំពូល ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌព្រែកព្នៅ ទម្លាក់ទៅបឹងតម៉ោក គិតមកដល់ ពេលនេះ សម្រេចបានប្រមាណជាង៧០ភាគរយហើយ ហើយ ការងារនេះគ្រោងនឹងបញ្ចប់នៅ១សប្តាហ៍ទៀត ។

លោកឃួង ស្រេង ធ្លាប់បានបញ្ជាក់ហើយថា មានកត្តា៣សំខាន់ដែលធ្វើឲ្យិភូមិសាស្ត្ររាជធានីភ្នំពេញប៉ែកខាងលិចទទួលរងការលិចលង់ខ្លាំងដោយសារជំនន់ទឹកភ្លៀងគឺ ។ បរិមាណ ទឹកភ្លៀងធ្លាក់ខ្លាំងរហូតដល់១០៥mm,ផ្ទៃ ទឹកភ្លៀងដែលធ្លាប់តែ ទទួលចែករំលែកទឹកទៅតាមអូ,ប្រឡាយឬវាលស្រែនានាត្រូវបានអភិវឌ្ឍន៏ទៅជាសំណង់លំនៅដ្ឋាន,និងមួយចំណែកទៀតមានការចាក់ដីរំលោភប្រឡាយពីប្រ ជាពលរដ្ឋមួយចំនួន បណ្តាលឲ្យទឹកខ្វះប្រភពដែលត្រូវហូរទៅធ្វើឲ្យចាល់ទឹកមិន អាចហូរទៅណាបានក៏បណ្តាលលិចភូមិសាស្ត្រខាងលើនេះតែម្តង។

តែទោះបីយ៉ាងណាអាជ្ញាធររាជធានីភ្នំពេញបាននឹងខិតខំដោះស្រាយបញ្ហានេះ  តែសុំការចូលរួមសហការ និងការយោគយប់ពីប្រជាពលរដ្ឋចំពោះផលប៉ះពាល់ខ្លះក្នុងពេលយើងបើកមុខទឹកនេះ៕