• Cambodia Peace Channel

ផ្លូវថ្នល់, ដំណាំកសិកម្មមួយចំនួន និងស្រូវប្រាំងចំនួន ៣៦១ហិកតា នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កំពុងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង

ស្ទឹងត្រង់៖ស្រូវប្រាំងចំនួន ៣៦១ហិកតា កំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ស្ថិតនៅក្នុងភូមិមាឃ១ ភូមិមាឃ២ ភូមិទួលពោធិ៍ និងភូមិត្នោតតាសាយ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ នេះបើយោងតាមការបញ្ជាក់ពី រដ្ឋបាលស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅថ្ងៃទី១០ ខែតុលា នេះ។

 ទន្ទឹមនឹងនេះ ភ្លៀងធ្លាក់ជាបន្តបន្ទាប់ ធ្វើអោយមានជំនន់ទឹកភ្លៀងនេះដែរ បណ្តាលអោយខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងដំណាំកសិកម្មមួយចំនួនផងដែរ ដូចជា ដាច់ផ្លូវ ស្ថិតនៅទឹកជប់ស្ថិតនៅភូមិខ្ទួយ៤ និងភូមិប្រទង ឃុំអូរម្លូ ហូរដាច់លូកាត់ផ្លូវចំនួន ៧កង់ នៅភូមិបិតធ្នូ ឃុំអូរម្លូ និងខូចខាត់ហូរច្រោះបាក់របងសាលាបឋមសិក្សាដងក្តារប្រមាណ ៣០ម៉ែត្រ។

ជាមួយគ្នានឹងភ្លៀងធ្លាក់ជាបន្តបន្ទាប់នេះដែរ បណ្តាលប្រេះផ្លូវកៅស៊ូ ត្រង់ចំណុចមុខព្រះអង្គគុហ៍ ស្ថិតភូមិព្រែកសង្កែលិច ឃុំពាមកោះស្នា  ស្រុកស្ទឹងត្រង់ និងបណ្តាលម្នាក់រងរបួសស្រាល ព្រមទាំងហូរបាត់ម៉ូតូចំនួន ១គ្រឿង។ សូមបងប្អូនមានការប្រុងប្រយ័ត្ន ថែរក្សាទ្រព្យសម្បត្តិ កុំអោយមានការបាត់បង់ និងថែរក្សាសុខភាពផងដែរ៕