• Cambodia Peace Channel

នគរបាលខណ្ឌដង្កោ បានបំពានក្រមនីតិវិធីព្រហ្មទណ្ឌ ត្រង់មាត្រា៧៥​ ដោយដោះលែងជនសង្ស័យម្នាក់ពាក់ព័ន្ធបទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ក្រោមហេតុផលសម្របសម្រួលគ្នា ដោយមិនបញ្ជូនជនសង្ស័យទៅតុលាការ ទេ

ភ្នំពេញ៖ដោយផ្តើមចេញពីទំនាស់បន្តិចបន្តួច , ថៅកែហាងនំប៉ាវម្នាក់ បានយកកាំបិតប៉័ងតោទះក្បាលកម្មកររបស់ខ្លួន បណ្តាលរងរបួសធ្ងន់ និង ចាក់សោរបង្ខាំងក្នុងបន្ទប់ ថែមទៀតផង ។ ប៉ុន្តែ ក្រោយនគរបាលខណ្ឌដង្កោ ឃាត់ខ្លួនថៅកែហាងរូបនេះ បានមួយដង្ហើមចង្រិតប៉ុណ្ណោះ បែរជាដោះលែងអោយមានសេរីភាព ឡើងវិញ ក្រោមហេតុផលសម្របសម្រួលគ្នាបញ្ចប់រឿង ដោយមិនបញ្ជូនទៅជនសង្ស័យទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ឡើយ ។

អ្នកច្បាប់មួយរូប បានបង្ហើបប្រាប់ CPC NEWS ថា សកម្មភាពរបស់នគរបាលខណ្ឌដង្កោ នាពេលនេះ គឺ បានបំពានមាត្រា៧៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដែលចែងអំពី «ការបំពានលើសកម្មភាពតុលាការ»

មាត្រា៧៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ចែងថា «ក្នុងករណីណាក៏ដោយ មន្ត្រីនគរបាលយុត្តិធម៌មិនអាចតម្កល់រឿងព្រហ្មទណ្ឌណាមួយទុកឥតចាត់ការបានទេ ទោះបីជាក្រោយពីមានការសម្រុះសម្រួលគ្នារវាងជនល្មើសនិងជនរងគ្រោះ ឬ ក៏មានការដកពាក្យបណ្តឹងក៏ដោយ»

មាត្រា៧៥ ដដែល បន្តថា «មន្ត្រីនគរបាលយុត្តិធម៌ដែលរក្សាទុកកំណត់ហេតុ ឬ វត្ថុតាងដោយចេតនា ឬ ក៏លាក់កំបាំងដល់អាជ្ញាធរតុលាការអំពីអត្ថិភាពនៃកំណត់ហេតុ ឬ វត្ថុតាង ត្រូវចាត់ទុកថា មន្ត្រីនគរបាលនោះ បានប្រព្រឹត្តបទល្មើសដែលត្រូវផ្តន្ទាទោសតាមក្រមព្រហ្មទណ្ឌពាក់ព័ន្ធនឹងជំពូកស្តីពីការស្រាវជ្រាវរកវត្ថុតាង»

សូមបញ្ជាក់ថា អំពើហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង៦៖៣០នាទី ព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ នៅក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចខណ្ឌដង្កោ បង្ហើបប្រាប់ CPC NEWS ថា ជនរងគ្រោះឈ្មោះ លី សុខខេង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួលផ្លូវបេតុង ក្រុម ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរកម្មករដឹកនំប៉ាវ ។ ចំណែកជនសង្ស័យឈ្មោះ សៀវ ទី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរថៅកែនំប៉ាវ មានទីលំនៅផ្ទះលេខ២៤០+២៤២ ផ្លូវលេខ១១ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ច បន្តថា នៅមុនពេលកើតហេតុ កាលពីទៀបភ្លឺថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ជនរងគ្រោះបានជិះម៉ូតូសណ្តោងរ៉ឺម៉ក ចេញពីផ្ទះជួលរបស់ខ្លួន ទៅធ្វើការជាកម្មករ ដឹកនំប៉ាវនៅផ្ទះថៅកែឈ្មោះ សៀវ ទី ដូចសព្វដង ដោយថៅកែបានប្រើអោយជនរងគ្រោះ យកនំប៉ាវចំនួន២៦កេសដាក់លើរ៉ឺម៉ក ដើម្បីដឹកអោយភ្ញៀវនៅផ្លូវជាតិលេខ៣ ផ្លូវលេខ៤១ និង ផ្លូវជាតិលេខ៤ ជាមួយគាត់ ។ លុះពេលត្រឡប់មកដល់ផ្ទះវិញ នៅវេលាម៉ោង៣៖២០នាទី ថ្ងៃខែឆ្នាំដដែល ហើយថៅកែ បានហៅជនរងគ្រោះចូលក្នុងផ្ទះកន្លែងតុគិតលុយ រួចថៅកែបានយកបញ្ជី ដែលភ្ញៀវជំពាក់មកសួរជនរងគ្រោះ ហើយថៅកែបាននិយាយថា ភ្ញៀវនៅថ្នល់ទទឹងជំពាក់៤កេស តែជនរងគ្រោះនិយាយថា ភ្ញៀវនៅថ្នល់ទទឹងជំពាក់តែ៣កេសទេ ។

គ្រាន់តែសម្តីបែបនេះ សោះ ស្រាប់តែថៅកែ និយាយថា «ជនរងគ្រោះនិយាយឈ្លើយបង្កជាទំនាស់ពាក្យសម្តី ទើបថៅកែក៏ដើរទៅយកសោរចាក់ទ្វារផ្ទះ រួចក៏ដើរទៅផ្ទះបាយ យកកាំបិតប៉័ងតោ កាន់នៅនឹងដៃខាងស្តាំ ដើរសំដៅមកជនរងគ្រោះ រួចធាក់ផង ច្រចាច់ក ផង និង យកកាំបិតប៉័ងតោ មកទះមុខរបស់ជនរងគ្រោះ៤ទៅ៥កាំបិត ទៀតផង ។ ប៉ុន្តែជនរងគ្រោះយកដៃរង ហើយថៅកែក៏ដើរទៅអង្គុយ នៅតុវិញ រួចគាត់ក៏បានស្រែកសម្លុតអោយជនរងគ្រោះ ទៅអង្គុយលើគ្រែ ។ ពេលនោះថៅកែបានយកឧបករណ៍ផ្តាច់បារី គប់មកលើកម្មករចំដៃខាងឆ្វេង ហើយគាត់ក៏ងើបឡើងកាន់កាំបិតប៉័ងតោ មកទះ និងកាប់ក្បាលជនរងគ្រោះ បណ្តាលបែកក្បាលផ្នែកខាងមុខ ប៉ោងក្បាល ផ្នែកខាងក្រោយ និងហើមលើខ្នងដៃខាងស្តាំ និងប្រអប់ដៃទាំងសងខាង ថែមទាំងឃុំជនរងគ្រោះនៅក្នុងផ្ទះ ទៀតផង ។

លុះដល់វេលាម៉ោង៤៖១០នាទី ទើបថៅកែហាងនំប៉ាវ បានចាក់សោរ អោយជនរងគ្រោះចេញពីផ្ទះ ហើយជនរងគ្រោះក៏មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ តែម្តង ។ បន្ទាប់មក សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យ នាំមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

ពាក់ព័ន្ធបញ្ហានេះ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ថ្លែងប្រាប់ CPC NEWS នៅព្រលប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នេះ ថា «រឿងនេះខាងជនសង្ស័យនិងជនរងគ្រោះបានសម្របសម្រួលគ្នាចប់ហើយ»

មជ្ឈដ្ឋានជាច្រើនមើលឃើញថា អំពើល្មើសរបស់ថៅកែហាងនំប៉ាវរូបនេះ គឺ មានលក្ខណៈព្រៃផ្សៃណាស់ មិនគួរណា នគរបាលខណ្ឌដង្កោ យល់ព្រមសម្របសម្រួលបែបនេះសោះ ដោយមិនកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ។

មាត្រា២១៨នៃក្រមព្រហ្មទណ្ឌ បទល្មើស «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ចែងថា «អំពើហិង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និង ពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល កាលបើអំពើហិង្សានេះ បានប្រព្រឹត្ត»

១,ដោយមានការគិតទុកជាមុន ។

២,ដោយប្រើអាវុធ ឬ គំរាមកំហែងនឹងអាវុធ ។

៣,ដោយមានមនុស្សច្រើននាក់ក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត និង ជាអ្នកសមគំនិត ៕