• Cambodia Peace Channel

CPC-មនុស្សជាច្រើនកំពុងប្រើ Telegram ប៉ុន្តែមានមនុស្សមិនច្រើនទេដែលស្គាល់ស្ថាបនិកកម្មវិធីមួយនេះ

ភ្នំពេញ៖បច្ចុប្បន្នបណ្តាញសង្គម Telegram កំពុងក្លាយកម្មវិធីទំនាក់ទំនងដ៏ពេញនិយមជាប់ចំណាត់ថ្នាក់លេខ១១ ដែលមានអ្នកប្រើប្រាស់ប្រមាណជាង ៥០០លាននាក់ជារៀងរាល់ថ្ងៃ ទូទាំងសកលលោក។

លោក Pavel Valerievich Durov ជនជាតិរុស្ស៊ីជាស្ថាបនិកនៃបណ្តាញសង្គមល្បីឈ្មោះមួយនេះ ត្រូវបានសាធារណជន ចាត់ទុកជាមហាសេដ្ឋី មានទ្រព្យសម្បត្ដិសរុបរហូតទៅដល់ ១៧.២ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Bloomberg ។

Durov កើតនៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៨៤ នៅក្នុងទីក្រុង St.Petersburg និងបានទៅរស់នៅក្នុងទីក្រុង Turin ប្រទេសអ៊ីតាលីជាកទីន្លែងដែលឪពុករបស់លោកធ្វើការ និងបានវិលត្រឡប់ទៅប្រទេសរុស្សីវិញនៅអាយុដប់ប្រាំពីរឆ្នាំ។ លោកបានរៀនសរសេរកូដតាំងពីក្មេងមកម្ល៉េះដោយមានបងប្រុសឈ្មោះ Nikolai Durov ជាអ្នកបង្រៀន។ ឪពុករបស់លោក Pavel Durov ជាបណ្ឌិតផ្នែកភាសាបុរាណ (Philology) ធ្វើការនៅប្រទេសអ៊ីតាលី។

នៅអាយុដប់មួយឆ្នាំ Pavel Durov បានបង្កើតហ្គេមវីដេអូមួយដោយប្រើយុទ្ធសាស្ត្រមានឈ្មោះថា Lao Unit។ ក្រោយមកបងប្អូនទាំងពីរបានបង្កើត VKontakte ឬហៅកាត់ខ្លីថា VK ដែលជាបណ្តាញសង្គមពេញនិយមនៅក្នុងប្រទេសរុស្ស៊ី។ បណ្តាញសង្គមមួយនេះទទួលបានជោគជ័យនិងទាក់ទាញអ្នកប្រើប្រាស់រាប់លាននាក់យ៉ាងឆាប់រហ័ស ហើយក្លាយជាបណ្តាញសង្គមធំជាងគេនៅក្នុងប្រទេសរុស្ស៊ី។ ក៏ប៉ុន្តែ VK ចាប់ផ្តើមមានបញ្ហាជាមួយរដ្ឋាភិបាលរុស្ស៊ីចាប់ពីឆ្នាំ២០១១ ព្រោះវាបានក្លាយជាទីកន្លែងសម្រាប់អ្នកប្រើប្រាស់ ក្នុងការរិះគន់រដ្ឋាភិបាល។
ក្រោយមកភាគហ៊ុនភាគច្រើនរបស់ VKontakte ត្រូវបានប្រមូលទិញយកដោយក្រុមហ៊ុនវិនិយោគិន Mail.ru ដែលជាក្រុមហ៊ុនមានទំនាក់ទំនងជិតស្និតជាមួយវិមានក្រឹមឡាំង ។ លោក Pavel Durov បានបាត់បង់សិទ្ធិអំណាចក្នុងការគ្រប់គ្រង VK បន្តិចម្ដងៗរហូតដល់គាត់ត្រូវលក់ភាគហ៊ុនគាត់ទាំងអស់ក្នុងតម្លៃប្រមាណបីរយលានដុល្លារ ហើយគេចខ្លួនចេញពីប្រទេសរុស្ស៊ីក្រោយមានទំនាស់កាន់តែខ្លាំងជាមួយរដ្ឋាភិបាលរុស្ស៊ី។

លោក Pavel Durov និងបងប្រុសលោករួមជាមួយបុគ្គលិក VKontakte មួយចំនួនបានទៅរស់នៅទីក្រុង New York ចាប់ផ្តើមបង្កើតកម្មវិធីផ្ញើរសារ Telegram ចាប់តាំងពីចុងឆ្នាំ២០១២ និងចេញជារូបរាងនៅខែសីហាឆ្នាំ២០១៣ ហើយបានក្លាយជាកម្មវិធីផ្ញើសារដ៏ល្បីមួយដែលមានអ្នកប្រើប្រាស់ជាង៥០០លាននាក់ជុំវិញពិភពលោក។

សូមជម្រាបថា រយៈពេលប្រាំបីឆ្នាំគិតមកត្រឹមឆ្នាំ២០២១ បុរសវ័យសាមសិបប្រាំមួយឆ្នាំរូបនេះ ទទួលបានជោគជ័យយ៉ាងខ្លាំងលើការងារអភិវឌ្ឍន៍បច្ចេកវិទ្យាតេឡេក្រាម។ លោក Pavel Durov កំពុងវិនិយោគលុយរហូតដល់ទៅ ១.៧ពាន់លានដុល្លារដើម្បីបង្កើត Telegram Open Network ដែលជាមុខងារបន្ថែមពីលើ Telegram ដោយបញ្ចូលជាមួយនឹងមុខងារចាយលុយតាមរយៈអនឡាញ៕

FILE PHOTO: A 3D printed Telegram logo is placed on a computer motherboard in this illustration taken January 21, 2021. REUTERS/Dado Ruvic/Illustration