• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ត្រឹមរយៈពេល៤ថ្ងៃ នគរបាលខណ្ឌឬស្សីកែវបង្រាបបានជនសង្ស័យពីរនាក់ជាមុខសញ្ញាភ្ជង់ប្លន់យកម៉ូតូពីអ្នកដឹកជញ្ជូនអាហារ

ភ្នំពេញ ៖ ជនសង្ស័យដែលធ្វើសកម្មភាព យកដាវភ្ជង់ប្លន់យកម៉ូតូពីអ្នកដឹកជញ្ជូនម្នាក់ នៅក្នុងខណ្ឌឬស្សីកែវ ត្រូវបានសមត្ថកិច្ចនៃអធិដ្ឋាននគរបាលខណ្ឌឬស្សីកែវ សហការជាមួយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ និងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល  ចាប់ខ្លួនបានហើយនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ។

លោកហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សាក ពិសី ភេទ ប្រុស អាយុ២១ឆ្នាំ មុខរបរ ដឹកអនឡាញ  ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ១៦E2 ភូមិ២ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ចំណែកជនសង្ស័យរួមមាន ៖ ១ -ឈ្មោះ រ៉ាយ រ៉ាវុធ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួល សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ (មានសារធាតុញៀន)។២- ជនសង្ស័យឈ្មោះ ធី សុបញ្ញារិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌ ឬស្សីកែវ (មានសារធាតុញៀន) ។

ដោយឡែក សម្ភារៈបាត់បង់រួមមាន៖ ម៉ូតូ១គ្រឿងម៉ាក ហុងដាC១២៥ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1IN- 8015 , ចំណែកសម្ភារៈដកហូតរួមមាន ម៉ូតូ១គ្រឿងម៉ាកធូដេ ពណ៌ប៉ៃតង ស្លាកលេខ ភ្នំពេញ 1AC 7327 ។

គួររម្លឹកផងដែរថាកាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ជនរងគ្រោះបានធ្វើដំណើរពីដឹកអនឡាញអោយគេនៅក្នុងបុរីអង្គរ បានមកឈប់នោម រួចបានឡើងបើកម៉ូតូជិះចេញស្រាប់តែមានជនសង្ស័យចំនួន០៤នាក់ បានជិះម៉ូតូសេ១២៥១គ្រឿង និងជិះផាសអាប់១គ្រឿង បានឃើញជនរងគ្រោះឱកាសល្អជនសង្ស័យឈ្មោះ ធី សុបញ្ញារិទ្ធ ហៅក្រៅ ផល្លា បានចុះពីលើម៉ូតូយកដាវសាំម៉ូរ៉ៃដែលជនសង្ស័យយកពីផ្ទះដាក់តាមខ្លួន ធ្វើសកម្មភាពគំរាមភ្ជង់ប្លន់យកម៉ូតូពីជនរងគ្រោះបានសំរេច រួចអោយជនសង្ស័យឈ្មោះ រ៉ាយ រ៉ាវុធ បើកម៉ូតូគេចខ្លួន និងអោយជនសង្ស័យ២នាក់ បើកផាសអាប់រារាំងមកលើជនរងគ្រោះ រួចនាំគ្នាជិះគេចខ្លួនបានសំរេច។ បន្ទាប់មកជនសង្ស័យឈ្មោះ ធី សុបញ្ញារិទ្ធ ហៅក្រៅផល្លា បានយកម៉ូតូជនរងគ្រោះទៅលក់ លើផ្លូវនៅម្តុំឃ្លាំងរំសេវអោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាបានប្រាក់ចំនួន៧០០ដុល្លារចែកគ្នាស្មើ យកប្រាក់ស៊ីចាយនិងប្រើប្រាស់គ្រឿងញៀនអស់។

ក្រោយកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ និងស្រាលបានសហការជាមួយកម្លាំងជំនាញខណ្ឌ បានប្រើប្រាស់កម្លាំងវិធានការជំនាញបន្តស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប់បានសង្ស័យជាដៃដល់ចំនួន២នាក់ រួមទាំងដកហូតម៉ូតូធូដេ១គ្រឿង នៅចំណុចផ្លូវ១០០៣ ភូមិគង្ការផូស សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ យកមកអធិការដ្ឋានខណ្ឌឬស្សីកែវធ្វើការសាកសួរនិងចាត់ការតាមនិតិវិធី ។

បច្ចុប្បន្នផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពុងស្វែងរកបក្ខពួកបន្ថែម និងសាកសួរយកចម្លើយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍ទៅតាមនីតិវិធី ៕