• Cambodia Peace Channel

ផ្លូវការហើយ ! ក្រសួងវប្បធម៌ ចេញសិទ្ធិគ្រប់គ្រងមរតកសាសន៍ បទចម្រៀង “ថ្ងៃដែលអូនចុកឈាម ឬ ភូមិភ្នំធំ” ជូនភរិយាលោកគង់ ប៊ុន ឈឿន

ភ្នំពេញ៖ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសិទ្ធិគ្រប់គ្រងមរតកសាសន៍ លើបទចម្រៀងមួយបទដែលមានចំណងជើងថា “ថ្ងៃដែលអូនចុកឈាម ឬ ភូមិភ្នំធំ“ដែលជាស្នាដៃនិពន្ធរបស់លោក គង្គ ប៊ុនឈឿន ទៅឱ្យលោកស្រី គាត គឹមលន ជាភរិយារបស់លោក ។

ការប្រគល់សិទ្ធិគ្រប់គ្រងនេះ បន្ទាប់ពីក្រសួងបានទទួលសំណើសុំសិទ្ធិគ្រប់គ្រងមរតកសាសន៍ លើបទចម្រៀងដែលជាស្នាដៃនិពន្ធរបស់លោក គង្គ ប៊ុនឈឿន ពីលោកស្រី គាត គឹមលន ជាភរិយា និងឆ្លងតាមការសិក្សាស្រាវជ្រាវរបស់ក្រសួង ពិនិត្យឃើញថា បទចម្រៀងមួយបទនេះ ពិតជារបស់លោក គង្គ ប៊ុនឈឿន ពិតប្រាកដមែន ។

នេះបើយោងតាម សេចក្តីជូនដំណឹងរបស់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាម រយៈ លិខិតលេខ ៣៥ ស.ជ.ណ ចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ។

គួរជម្រាបថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏បានបើកឱកាសឱ្យរាល់ភាគីពាក់ព័ន្ធទាំងអស់ ដែលមានបំណងប្តឹងជំទាស់ទៅនឹងការប្រគល់សិទ្ធិគ្រប់គ្រងខាងលើ អាចដាក់ពាក្យប្តឹងតវ៉ាទៅកាន់នាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលបាន ។

ថ្មីៗនេះ ភរិយាលោក គង់ ប៊ុនឈឿន ប្រកាសប្តឹង នាយ ចេីម ផងដែរ ដែលយកបទចម្រៀងមួយនេះ ទៅច្រៀងដោយគ្មានការអនុញ្ញាត ៕

ដោយ៖វីរ៉ា វីន