• Cambodia Peace Channel

ថៃនិងជប៉ុន ចុះហត្ថលេខាលើអនុស្សរណៈយោគយល់ បង្កើតសួនឧស្សាហកម្ម

ថៃ៖ក្រុមហ៊ុនថៃ និងជប៉ុនមានគម្រោងវិនិយោគសាងសង់សួនឧស្សាហកម្មមួយនៅ អ៊ូប៊ុន រ៉ាឆាថានី ដោយផ្តោតលើការកែច្នៃកសិកម្ម និងជីវបច្ចេកវិទ្យា ដែលមានទំហំទឹកប្រាក់ប្រមាណជា ៣ពាន់លានបាត។

ប្រធានគ្រប់គ្រងក្រុមហ៊ុន Ubon Industry Co, លោក ណាតាវ៉ាតាណា លើដសូរ៉ាវីតាយ៉ា បានប្រកាសភាពជាដៃគូរជាមួយក្រុមហ៊ុន Kaigai Advisory Co, Wellness Life Project Thailand Co និងក្រុមហ៊ុន Asian Dynamic Communication Co ។

ក្រុមហ៊ុនទាំងអស់នេះបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីបង្កើតសួនឧស្សាហកម្ម អ៊ូប៊ុន រ៉ាឆាថានី ដែលនឹងត្រូវចាប់ផ្តើមសាងសង់នៅឆ្នាំ២០២០ ហើយនឹងត្រូវបញ្ចប់ក្នុងឆ្នាំ២០២២ ខាងមុខនេះ។

នេះបើយោងតាមការចុះផ្សាយរបស់ កាសែតបាងកក់ប៉ុស្តិ៍ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ នេះ សួនឧស្សាហកម្មនេះ ត្រូវបានគេចាត់ទុកថា ជាមជ្ឈមណ្ឌលចែកចាយក្នុងតំបន់ដែលមានការទំនាក់ទំនងជាមួយប្រទេសកម្ពុជា ឡាវ និងវៀតណាម។ សួនឧស្សាហកម្មនេះផងដែរ នឹងផលិតម៉ាស៊ីនសម្រាប់វិស័យកសិកម្ម និងឧស្សាហកម្មផ្សេងៗទៀតជាច្រើនផងដែរ។

លោក ណាតាវ៉ាតាណា លើកឡើងថា ការបង្កើតសួនឧស្សាហកម្មនេះ គឺជាសហប្រតិបត្តិការក្នុងចំណោមដៃគូរទាំង៤ ដែលមានគោលបំណងធ្វើជាគំរូភាពល្អ ក្នុងការអភិវឌ្ឍដែលមាននិរន្តភាពដែលដឹកនាំដោយឧស្សាហកម្ម ការវិនិយោគផ្ទាល់ពីបរទេស បង្កើនសេដ្ឋកិច្ចក្នុងតំបន់ ផ្តល់ការងារ និងបង្កើងការផ្លាស់ប្តូរសេដ្ឋកិច្ចសង្គមដ៏មានតម្លៃនៅក្នុងតំបន់។

សូមជម្រាបជូនដែរថា គម្រោងនេះនឹងនាំឲ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិជាង ២០ពាន់លានបាត និងផ្តល់ការងារ ២០,០០០ នៅត្រឹមឆ្នាំ២០២២។

ដោយ៖ស្រ៊ីប ឡានី