• Cambodia Peace Channel

ក្រុងវ៉ាស៊ីនតោនបើកផ្លូវអោយក្រុមហ៊ុនអាមេរិករកស៊ីជាមួយក្រុមហ៊ុន Huawei ឡើងវិញ

វ៉ាស៊ីនតោន៖លោក Wilbur Ross រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានឱ្យដឹងកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលអាមេរិកនឹងចេញអាជ្ញា ប័ណ្ណឱ្យក្រុមហ៊ុនអាមេរិកដែលកំពុងស្វែងរកការលក់ទំនិញទៅអោយក្រុមហ៊ុន Huawei របស់ប្រទេសចិន ដែលមិនមានការគំរាមកំហែង ដល់សន្តិសុខជាតិ។

បើតាមភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ការស្វែងរកកិច្ចចរចាពាណិជ្ជកម្មឡើងវិញជាមួយប្រទេសចិនលោកប្រធានាធិបតី Donald Trump បានប្រកាសកាលពីខែមុនថា ក្រុមហ៊ុនអាមេរិកនឹងត្រូវបានអនុញ្ញាតឱ្យលក់ផលិតផលទៅអោយក្រុមហ៊ុន Huawei Technologies Co Ltd ដែលជាក្រុមហ៊ុនផលិត ឧបករណ៍ទូរគមនាគមន៍ធំបំផុតរបស់ពិភពលោក។

ការអត្ថាធិប្បាយរបស់លោក Trump បានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់ក្រុមហ៊ុន Huawei នៅក្នុងបញ្ជីខ្មៅ Entity កាលពីខែ ឧសភាជុំវិញបញ្ហាកង្វល់សន្តិសុខជាតិ។ គ្រឿងបន្លាស់ និងសមាសភាគរបស់សហរដ្ឋអាមេរិកជាទូទៅ មិនអាចលក់ទៅឱ្យប្រទេសដែល ស្ថិតនៅក្នុងបញ្ជីខ្មៅដោយគ្មានអាជ្ញាប័ណ្ណពិសេសនោះទេ។ ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមហ៊ុនផលិតបន្ទះឈីបរបស់អាមេរិកបានអបអរសា ទរការប្រកាសរបស់លោក Trump ។

ថ្លែងនៅក្នុងសន្និសិទមួយ នៅទីក្រុងវ៉ាស៊ីនតោនលោក Ross បានអះអាងថាក្រុមហ៊ុន Huawei នឹងនៅតែស្ថិតនៅក្នុងបញ្ជីខ្មៅ Entity ដដែល មានន័យថាការទទួលបានអាជ្ញាប័ណ្ណនឹងទាមទារឱ្យមានការត្រួតពិនិត្យយ៉ាងល្អិតល្អន់ មុននឹងអោយដំណើរការ។ ដោយឡែក ទីប្រឹក្សាសេដ្ឋកិច្ចរបស់សេតវិមានលោក Larry Kudlow បានប្រាប់ស្ថានីយទូរទស្សន៍ CNBC ថា ការបន្ធូរបន្ថយការរឹតត្បិតរបស់រដ្ឋាភិបាល សហរដ្ឋអាមេរិកលើក្រុមហ៊ុន Huawei អាចជួយដល់ក្រុមហ៊ុនយក្សបច្ចេកវិទ្យា ប៉ុន្តែ នឹងត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងរយៈពេលកំណត់ មួយតែប៉ុណ្ណោះ។

គួរអោយដឹងដែរថា សហរដ្ឋអាមេរិកបានចោទប្រកាន់ក្រុមហ៊ុន Huawei ពីបទលួចកម្មសិទ្ធិបញ្ញារបស់អាមេរិក និងរំលោភលើការ ដាក់ទណ្ឌកម្មអ៊ីរ៉ង់។ ក្រុមហ៊ុននេះក៏បានបើកកិច្ចខិតខំបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ដើម្បីរក្សានូវបណ្តាញ 5G ដែលអាមេរិក ព្រួយបារម្ភថា ជាប្រព័ន្ធស៊ើបការសម្ងាត់របស់រដ្ឋាភិបាលចិន៕ដោយ៖ស្រេន ឡាវី