• Cambodia Peace Channel

ស្មៅសិប្បនិម្មិតនៅកីឡដ្ឋានជាតិនៅតែជាបញ្ហាសម្រាប់ការប្រកួតរឺយ៉ាងណា ខណៈអ្នកគាំទ្រកម្ពុជាក៏ចង់ឃើញមានស្មៅធម្មជាតិដែរ

ភ្នំពេញ៖ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៩ ខែកញ្ញា ម្សិលមិញ លោក HELIO SOUSA គ្រូបង្វឹកបារ៉ែន បានលើកឡើងថា “កម្ពុជា មានគុណសម្បត្តិដោយសារការប្រើប្រាស់ស្មៅសិប្បនិម្មិត ចំណែកក្រុមយើងមិនបានលេងលើប្រភេទស្មៅបែបនេះទេ។ ដូច្នេះ វាជាចំណុចវិជ្ជមានមួយសម្រាប់ក្រុមម្ចាស់ផ្ទះ”

ឆ្លើយតបទៅនឹងការលើកឡើងបែបនេះដែរ លោក FELX G. DALMAS គ្រូបង្វឹកកម្ពុជា បញ្ជាក់ថា “ខ្ញុំគិតថាវាតែងតែមានការលំបាកសម្រាប់កីឡាករពាក់ព័ន្ធការផ្លាស់ប្តូរស្ថានភាពទីលាន ប៉ុន្តែខ្ញុំមិនប្រាកដថា នរណានឹងទទួលអត្ថប្រយោជន៍ពីវានោះទេ ពីព្រោះកីឡាករយើងខ្លះក៏ធ្លាប់ប្រកួតនៅលើទីលានដែលមានប្រភេទផ្សេងៗពីនេះដែរ” ។

ជុំវិញករណីនេះ មានមជ្ឈដ្ឋានជាច្រើនធ្លាប់បានរិះគន់ដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា អំពីការប្រើប្រាស់ស្មៅសិប្បនិម្មិត ដោយចង់ឃើញពហុកីឡដ្ឋានជាតិអូឡាំពិក ក្រាលស្មៅធម្មជាតិ និងមានកៅអីអង្គុយឲ្យបានសមរម្យ តាមស្តង់ដារ ខណៈទីលានក្លិបលីគកំពូលកម្ពុជាខ្លះ ប្រើស្មៅធម្មជាតិទៅហើយ។ យ៉ាងណាក៏ដោយគេនៅមិនទាន់ឃើញមានប្រតិកម្មពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាទេ។

សូមជម្រាបថា ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវបើកទ្វាពហុកីឡដ្ឋានជាតិអូឡាំពិក ត្រៀមទទួលស្វាគមន៍ក្រុមភ្ញៀវ ជម្រើសជាតិបារ៉ែន នាថ្ងៃនេះ ទី១០ ខែកញ្ញា វេលាម៉ោង ៦៖៣០នាទីយប់ ក្នុងព្រឹត្តិការណ៍ប្រកួតវគ្គជម្រុះជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក នៅប្រទេសកាតា៕