• Cambodia Peace Channel

មុនកម្ពុជា ប៉ះអ៊ីរ៉ង់យប់នេះ តើគ្រូបង្វឹកក្រុមទាំងពីរនិយាយអ្វីខ្លះ?

តេហេរ៉ង់៖ ​ក្រុមបាល់ទាត់​ជម្រើ​ស​ជាតិអ៊ីរ៉ង់ នឹងត្រូវបើកទ្វារផ្ទះទទួល​ក្រុម​ជម្រើ​ស​ជាតិ​កម្ពុជា នៅ​កីឡដ្ឋាន Azadi Stadium ដើម្បីធ្វើការ ជម្រុះ​ជម្រើស​រើសយក​ជើងខ្លាំងជុំទី២​ សម្រាប់​​ចូលរួមវគ្គ​៣២ក្រុមបន្ត​នៅ​ប្រទេស​កាតា ឆ្នាំ​២០២២។​

នៅមុនការប្រកួតមកដល់នៅយប់នេះ គ្រូបង្វឹកទាំងពីរបានបញ្ចេញវោហារស័ព្ទ និងបង្ហាញឆន្ទៈរៀងខ្លួនៗ។ “វានឹងក្លាយជាឱកាសដ៏ល្អ សម្រាប់យើងក្នុងការសាកល្បងខ្លួនយើងពីព្រោះយើងនឹងប្រកួតជាមួយក្រុមខ្លាំងមួយនៅអាស៊ី។ ខ្ញុំសង្ឃឹមថា យើងនឹងបោះជំហាន មួយជំហានទៀតស្របតាមផែនការរបស់យើងដើម្បីកែលំអវិស័យបាល់ទាត់នៅកម្ពុជា”។ នេះជាសម្ដីរបស់ លោក Felix Dalmas គ្រូបង្វឹកក្រុមគោព្រៃកម្ពុជានៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទីពុធម្សិលមិញនេះ។

ដោយឡែក គ្រូ​បង្វឹក​អ៊ីរ៉ង់វិញ ក៏បាននិយាយក្នុង​សន្និសីទកាសែតមុនការ​ប្រកួតនោះថា៖ បំបាក់​កម្ពុជាក្នុង​ដី​គឺ​ជា​គោលបំណងរបស់​ពួក យើង!“យើង​ចង់រក្សាដំណើរ​ឡើង​ទៅ​វគ្គ​ជម្រុះ​ហើយ​ឈ្នះ​ការ​ប្រកួត​ឲ្យ​បាន​ច្រើន។​នេះ​គឺ​ជាគម្រោង​រយៈ​ពេល​ខ្លីរបស់​យើង! លេង​បែប​ប្រយុទ្ធលឿនៗគឺ​ជា​អ្វី​ដែលយើង​ចង់បាន​ក្នុង​វគ្គ​នេះ។​យើង​ចង់​បញ្ចប់​ការ​ប្រកួត​ប្រជែង​ជា​ក្រុម​ដែល​ឈរ​កំពូល​តារាង”។

គួរជម្រាបជូនដែរថា ការប្រកួតនេះនឹងមានភាពតានតឹងខ្លាំងសម្រាប់កម្ពុជា ដោយសារកត្តាអាកាសធាតុ និងមួយទៀតអ៊ីរ៉ង់ គឺជាក្រុមខ្លាំង ចំណាត់ថ្នាក់លេខ១ប្រចាំទ្វីបអាស៊ី ហើយការប្រកួតនឹងចាប់ផ្តើមនៅវេលាម៉ោង ៨៖៣០នាទី ម៉ោងនៅកម្ពុជា៕