• Cambodia Peace Channel

FIFA ពិន័យសហព័ន្ធបាល់ទាត់ហុងកុង ក្រោយអ្នកគាំទ្រមិនគោរពភ្លេងជាតិចិន ពេលប៉ះអ៊ីរ៉ង់កន្លងទៅ

ហុងកុង៖សហព័ន្ធកីឡាបាល់ទាត់ពិភពលោកប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា​ ខ្លួនបានធ្វើការពិន័យសហព័ន្ធកីឡាបាល់ទាត់ហុងកុងចំនួន ជាង១៥០០០ ពាន់ដុល្លារអាមេរិក ដែលអ្នកគាំទ្រហុងកុងមិនគោរពភ្លេងជាតិចិនមុនការប្រកួតជម្រុះបាល់ទាត់ពិភពលោកកាលពីខែមុន។

បើតាមការប្រកាសនៅលើវេបសាយផ្លូវការរបស់ FIFA បានឱ្យដឹងថា នៅក្នុងកំឡុងការប្រកួតបាល់ទាត់រវាងក្រុមជម្រើសជាតិហុងកុង និងក្រុមជម្រើសជាតិអ៊ីរ៉ង់កាលពីថ្ងៃទី១០ ខែកញ្ញាកន្លងទៅ អ្នកគាំទ្រហុងកុងបានបែរខ្លួនងាកក្រោយ នៅពេលដែលចំរៀងភ្លេងជាតិចិន បានបន្លឺឡើង ។

បញ្ហានេះបានកើតឡើងចំពេលមានបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យដែលកំពុងបន្តប្រឆាំងនឹងការគ្រប់គ្រងរបស់ចិនមកលើហុងកុង ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង់គ្លេសរហូតដល់ឆ្នាំ ១៩៩៧ ។ នៅក្នុងការប្រកួតនោះ ហុងកុងបានចាញ់អ៊ីរ៉ង់ក្នុងលទ្ធផល ២ទល់នឹង ០ បន្ទាប់ពីត្រូវប្រកួតជាមួយនឹងបារ៉ែននៅថ្ងៃទី ១៤ វិច្ឆិកាខាងមុខ។

ទន្ទឹមនឹងនេះដែរ ក្រៅតែពីពិន័យហុងកុង  FIFA ក៏បានពិន័យឥណ្ឌូណេស៊ីចំនួនជាង ៤៥,០០០ ដុល្លារអាមេរិក បញ្ហាអ្នកគាំទ្រខ្លួនបាន បង្កហិង្សាទៅលើក្រុមអ្នកគាំទ្រម៉ាឡេស៊ីផងដែរ។ ការប្រកួតនោះត្រូវបានផ្អាកអស់រយៈពេលជាច្រើននាទីនៅចុងតង់ទី២ ដោយសារតែ មានការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រ។ ប៉ុន្តែម៉ាឡេស៊ីបានយកឈ្នះ ៣-២ ដោយគ្រាប់បាល់បញ្ចូលទីនៅនាទីទី ៧ នៃម៉ោងបញ្ចប់៕