• Cambodia Peace Channel

Liverpool ល្អទាំងគ្រូ ទាំងសិស្សហ្មង! Klopp ឈ្នះពានគ្រូឆ្នើម ៥ដងក្នុងមួយរដូវកាល និងមានភាគរយខ្ពស់ឈ្នះ Premier League រដូវកាលនេះ

អង់គ្លេស៖ក្រុមហង្សក្រហម Liverpool រដូវកាល ២០១៩-២០២០ នេះ បានបង្ហាញទម្រង់ដ៏អស្ចារ្យក្រោមការដឹកនាំរបស់លោក Jurgen Klopp ដោយក្រុមនេះបាននិងកំពុងធ្វើអោយពិភពលោកមានការកោតសរសើរយ៉ាងខ្លាំង តាំងពីហង្សក្រហមបានបំបាក់ក្រុមអ្នកមានបុណ្យ Barcelona ក្នុងដី លទ្ធផល ៤ទល់នឹង០ និងលើកពានរង្វាន់ទ្វីបអឺរ៉ុប Champions League លើកទី៦ រដូវកាល២០១៨-២០១៩ រួចបន្តឈ្នះពាន Super Cup លើកទី៤ និង FIFA Club World Cup លើកដំបូងមក។

រដូវរដូវកាល ២០១៩-២០២០ នេះវិញ អ្នកចាត់ការទូទៅរបស់ហង្សក្រហម ក៏ដូចជាសមាជិកក្រុមទាំងមូលបានដាក់គោលដៅរួចជាស្រេចហើយ គ្រោងនឹងលើកពានរង្វាន់ក្របខណ្ឌលីគអង់គ្លេស Premier League ក្រោយខកខានជាង ៣០ឆ្នាំមកនេះ។ ឆ្លងកាត់ប្រកួត ២៥ប្រកួត ឈ្នះ ២៤ប្រកួត និងស្មើ ១ប្រកួត ដោយមិនទាន់រសជាតិចាញ់ ហើយក៏ពិបាកនឹងមានក្រុមណាមកផ្អាកក្រុមនេះមិនឲ្យឈ្នះទេ ក្រោយវ៉ាដាច់ក្រុមលេខ២ ចំនួន ២២ពិន្ទុ ខណៈពួកគេត្រូវការជ័យជម្នះ ៦ប្រកួតទៀតប៉ុណ្ណោះដើម្បីលើកពាន។

ស្របពេលជោគជ័យដ៏អស្ចារ្យ និងធ្វើអ្នកស្នេហាវិស័យកីឡាបាល់ទាត់រឹតតែស្គាល់ច្បាស់ពីក្រុម Liverpool នេះ លោក Klopp ដើរតួនាទីយ៉ាងសំខាន់ ចំពោះការលើកទឹកចិត្ត និងជម្រុញដល់កូនក្រុមខិតខំហ្វឹកហាត់ និងការហាមសមាជិកក្រុមប៉ះពាល់ផ្លាកសញ្ញា នៅកីឡដ្ឋាន The Anfiled ដោយបញ្ជាក់ថា មិនសាកសមដល់វីរបុរសរបស់ក្លិប បើសិនណាមិនបានឈ្នះពាន។ ការលើកទឹកចិត្តរបស់គ្រូបង្វឹករូបនេះ ជាចិត្តសាស្ត្រ និងយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការនាំក្រុមមកដល់ចំណុចកំពូលនៅរដូវកាលនេះ។

ថ្មីៗនេះ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ នាំយកខ្សែបម្រើប្រយុទ្ធសញ្ជាតិជប៉ុន Takumi Minamino ក្រោយកីឡាកររូបនេះបង្ហាញទម្រ់លេងយ៉ាងល្អនៅ Champions League រដូវកាលនេះ។ ខ្សែបម្រើប្រយុទ្ធរូបនេះ បានកោតសរសើរគ្រូបង្វឹកលោក Klopp ថា ពូកែលើកទឹកចិត្តដល់កូនក្រុម និងមានយុទ្ធសាស្ត្រច្បាស់ៗ ដែលជាផ្នែកមួយជម្រុញក្រុមកាន់តែខ្លាំងឡើងៗ ខណៈក្លិបមានកីឡាករល្អៗ ពេញជើង ទាំងតំបន់ប្រយុទ្ធ តំបន់បម្រើ និងតំបន់ការពារ រួមទាំងអ្នកចាំទីផងដែរ។

អាថ៌កំបាំងនៅពីក្រោយនៃភាពជោគជ័យនេះ អាចនិយាយបានថាជាចិត្តសាស្ត្រដ៏ឆ្លាតវៃរបស់ Klopp។ កាលពីដើមរដូវកាល Liverpool លេងចាញ់ Manchester City ដោយបាល់ប៉េណាល់ទីនៅពាន Community Shield។ Jurgen Klopp មិនអនុញ្ញាតឲ្យកីឡាករចូលក្នុងដាច់ខាត លោកបញ្ជាឲ្យម្នាក់ៗឈរមើលសមាជិក Manchester City លើកពានដើម្បីឲ្យពួកគេរងការឈឺចាប់ និងខិតខំប្រឹងប្រែងឡើងវិញ ថាមិនត្រូវពួកគេអាចលើកពានមាសក៏ថាបានដែរនារដូវកាលនេះ។

សូមជម្រាបថា អ្នកចាត់ការក្លិបហង្សក្រហមរូបនេះ បានឈ្នះពានរង្វាន់កំពូលអ្នកដឹកនាំ Premier League ប្រចាំខែ ជាលើកទី៥មកហើយ បន្ទាប់ពីលោក បានឈ្នះពាននេះជាប់ៗគ្នាតាំងពី ខែសីហា ឆ្នាំ ២០១៩មក ។ ហើយការឈ្នះពានរង្វាន់លើកនេះ គឺជាការបំបែកកំណត់ត្រាថ្មីមួយក្នុងប្រវត្តិសាស្ត្រ ដោយ Klopp ក្លាយជាអ្នកចាត់ការដំបូងបំផុតឈ្នះពានគ្រូឆ្នើម ៥ដងក្នុងមួយរដូវកាល៕