• Cambodia Peace Channel

ផ្លូវជាតិលេខ៥ ត្រូវផ្អាកការធ្វើចរាចរទាំងស្រុងចំពោះរថយន្តធុនធំ ដោយសារទឹកជំនន់

ពោធិ៍សាត់៖ផ្លូវជាតិលេខ៥ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៨៦ដល់គីឡូម៉ែត្រលេខ១៩៣ ក្នុងក្រុងពោធិ៍សសាត់ ត្រូវបានសម្រេចផ្អាកការធ្វើចរាចរទាំងស្រុងចំពោះរថយន្តធុនធំ ដោយសារទឹកជំនន់ ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ នេះ ។

រដ្ឋបាលខេត្តពោធិ៍សាត់ បញ្ជាក់ថា ដោយសារស្ថានភាពទឹកជំនន់ក្នុងខេត្តពោធិ៍សាត់ បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និង ភ្លៀងធ្លាក់ជាបន្តបន្ទាប់រយៈពេល៦ថ្ងៃមកនេះ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បានបង្កអោយមានទឹកជំនន់ ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ ចំនួន៥ក្រុង-ស្រុក ហើយនៅក្នុងក្រុងពោធិ៍សាត់ រងផលប៉ះពាល់ខ្លាំងជាងគេ បណ្តាលអោយលិចលង់ផ្លូវមួយចំនួន ជាពិសេសលើកំណាត់ផ្លូវជាតិលេខ៥ ។

បញ្ហានេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានសម្រេចផ្អាកការធ្វើចរាចរទាំងស្រុងចំពោះរថយន្តធុនធំ ចាប់ពីពេលជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងសាជាថ្មី ៕