• Cambodia Peace Channel

CPC-សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យពីរនាក់ ជាមុខសញ្ញាប្លន់ប្រដាប់អាវុធ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ រហូតឈានដល់ការបាញ់តដៃ

ភ្នំពេញ ៖ កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់បានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ ក្រោយប្រទះឃើញ ជនសង្ស័យធ្វើសកម្មភាពកាច់កម៉ូតូ នៅក្រោយតុលាការកំពូល រហូតឈានដល់មានការផ្ទុះអាវុធអស់ចំនួន ០២បង់ ទើបចាប់ខ្លួនបានកាលពីវេលាម៉ោង ០៨ និង ៣៥នាទីយប់ថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០២៣ នៅត្រង់ចំណុចជាប់និងរបងតុលាការកំពូល ដោយស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៏មានពីកងកម្លាំងបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចនៃនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់បានល្បាតក្នុងមូលដ្ឋានខណ្ឌដូនពេញ លុះមកដល់ចំណុចតុលាការកំពូល ក៏ប្រទះឃើញ ជនសង្ស័យ០២នាក់ ជិះម៉ូតូ click ឆ្នាំ២០២១ បានជិះមកធ្វើសកម្មភាព កាច់កម៉ូតូម៉ាកសង់ឌ្រីម ឆ្នាំ២០២៣ ពណ៏ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JX-9143 ភ្លាមៗ កម្លាំងសមត្ថកិច្ចបានចុះទៅទាញទម្លាក់ជនសង្ស័យ ពីលើម៉ូតូ ខណៈពេលនោះជនសង្ស័យបានដកកាំភ្លើងចេញពីចង្កេះ បាញ់ត្រូវជើងសមត្ថកិច្ចម្នាក់ ភ្លាមៗ និងបានបាញ់ស្រោចទៅលើសមត្ថកិច្ចផ្សេងទៀត អស់ចំនួន០១បង់ និងបានខ្ទៀតគ្រាប់ទៅចំដែកដំបូលតូបលក់ឥវ៉ាន់ ចំនួន០១គ្រាប់ តែដោយសំណាងល្អសមត្ថកិច្ចគ្រាន់តែរបួសស្រាល.បញ្ចូន​ទៅ​សង្គ្រោះ​បន្ទាន់​មន្ទីរពេទ្យ​កាល​ម៉ែត្រ​ ភ្លាមៗនោះ សមត្ថកិច្ចបានបាញ់ការពារខ្លួនវិញ អស់ចំនួន០១បង់ទៀត ទើបសមត្ថកិច្ចដេញចាប់ជនសង្ស័យទាំង០២នាក់បាននៅកន្លែងកើតហេតុ តែម្តង ។

ប្រភពដដែលបានបញ្ជាក់ទៀតថា សមត្ថកិច្ចដែលមានរបួសនោះ « គឺមានតួនាទី ថ្នាក់ឧត្តមសេនីយ៏ត្រី លោក​ ប៊ុត​ វណ្ណា​រដ្ឋ​ និងជាអនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ បន្ទាប់ពីត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត្រភ្លាមៗ » ។

គួរបញ្ជាក់ផងដែរថា តាមការបង្ហើបពីសមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទាំង០២នាក់នេះ គឺជាមុខសញ្ញាចាស់ ប្លន់ប្រដាប់អាវុធហើយកាំភ្លើងដែលជនសង្ស័យប្រើប្រាស់ គឺជាកាំភ្លើងរបស់បក្សពួកដែលកំពុងជាប់ពន្ធធនាគារផងដែរ ។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ រួមកាំភ្លើងនឹងម៉ូតូ បានបញ្ជូនយកទៅ នាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីយកទៅសាកសួរបន្ថែម ៕