• Cambodia Peace Channel

CPC-ជនជាតិចិនចំនួន០៩នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីហិង្សាដោយចេតនា ក្នុងខណ្ឌបឹងកេងកង

ភ្នំពេញ៖ យ៉ាងហោចណាស់ជនជាតិចិន ប្រមាណ១០នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ចាប់វាយខ្នោះនិងឃាត់ខ្លួន បន្ទាប់ពីប្រើអំពើហិង្សាទៅលើបុរសចិនម្នាក់ទៀត រួមទាំងវាយកម្ទេចរថយន្ត១គ្រឿងឲ្យខូចខាតហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ស្ថិតនៅលើកំណាត់មហាវិថីព្រះមុនីវង្ស ស្ថិតនៅទល់មុខធនាគារវីង សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យចំនួន០៩ នាក់​ ឃាត់ខ្លួនរួមមាន៖១-ឈ្មោះ WU TSUNG HING​ ភេទប្រុស​ សញ្ជាតិចិន​។២-ឈ្មោះ​ LAZARE ភេទប្រុស​ សញ្ជាតិកាំម៉ូរ៉ូន​។៣-ឈ្មោះ​ YANG SHANG LIN ភេទប្រុស​ សញ្ជាតិចិន​។៤-ឈ្មោះ​ LIN WEI TING​ ភេទប្រុស​ សញ្ជាតិចិន​។៥-ឈ្មោះ​ WU TING SHENG ភេទប្រុស​ សញ្ជាតិចិន​។៦-ឈ្មោះ​ CHEN YU SHANG ភេទប្រុស សញ្ជាតិចិន។៧-ឈ្មោះ​ HUANG YU CHEN ភេទប្រុស សញ្ជាតិចិន។៨-ឈ្មោះ​ WEI MIN KAI ភេទប្រុស សញ្ជាតិចិន។៩-ឈ្មោះ​ ឈិន​ ម៉េង ភេទប្រុស សញ្ជាតិចិន។

គួររម្លឹកផងដែរថា កាលពីថ្ងៃកើតហេតុខាងលើ មុនដំបូងគេបានឃើញបុរសជនជាតិចិនមួយក្រុម មិនដឹងថាមកពីណានោះទេ ពួកគេបានស្ទាក់ឃាត់រថយន្ត១គ្រឿង ម៉ាកKIA ពណ៌ស ដែលមានស្លាកលេខ ភ្នំពេញ2BI-7628 ដែលកំពុងតែបើកបរតាមបណ្តោយវិថីព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើង។

អ្នកឃើញហេតុការណ៍បានបន្តថា៖ ជនបង្ក១ក្រុមនោះ បានលោតធាក់កញ្ចក់ខាងមុខរថយន្ត ខ្លះទៀតប្រើដុំឥដ្ឋការ៉ូឡា និងកាំបិតបុ័ងតោ រួមទាំងអាវុធផ្សេងៗទៀតវាយកម្ទេចរថយន្ត១គ្រឿងនោះ ខណៈខាងក្នុងរថយន្ត គេឃើញមានបុរសចិនម្នាក់។

បន្ទាប់ពីវាយកម្ទេចរថយន្តរួច ក្រុមជនបង្កខាងលើបានព្យាយាមប្រើហិង្សាទៅលើម្ចាស់រថយន្ត ដែលជាជនរងគ្រោះម្នាក់នោះ ប្រៀបដូចជាក្រុមចាប់ជំរឹត ដោយប្រើកាំបិតកាបចំដើមដៃជនរងគ្រោះ ព្រមទាំងព្រួតវាយរហូតរងរបួសធ្ងន់។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង​ខាងលើ កម្លាំងបានបញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល​រាជធានីភ្នំពេញ​ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវីធីច្បាប់៕