• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ក្រសួងសុខាភិបាលអំពាវនាវឱ្យយុវវ័យចៀសវាងការប្រើប្រាស់គ្រឿងស្រវឹងដើម្បីបង្ការផលប៉ះពាល់ដល់សុខភាពនិងសង្គម

ភ្នំពេញ៖ការប្រើប្រាស់គ្រឿងស្រវឹងផ្តល់ផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សុខភាព សេដ្ឋកិច្ច និងសង្គមជាពិសេស សមាជិកគ្រួសារ មិត្តភ័ក្ដិរួមការងារ និងអ្នកដទៃ។ ជាតិអាល់កុលក្នុងផលិតគ្រឿងស្រវឹងប៉ះពាល់ដល់ សុខភាពអ្នកប្រើប្រាស់ភ្លាមៗ និងរយៈពេលយូរ។ ក្នុងរយៈពេលតែ២ទៅ ៣នាទីតែប៉ុណ្ណោះ ជាតិអាល់កុល អាចជ្រៀបចូលដល់ខួរក្បាល ហើយអាចបង្ករោគសញ្ញាទៅតាមកំហាប់ជាតិអាល់កុល ការចាប់ផ្តើមនិយាយច្រើន ចលនាអន់ថយ គំហើញថយចុះ និងក្អួតចង្អោរឬបាត់បង់ស្មារតី ហើយការទទួលគ្រឿងស្រវឹងច្រើនពេក អាចបង្កឱ្យសន្លប់ ប្រឈមនឹងជំងឺឆ្លងដូចជាជំងឺអេដស៍ និងជំងឺផ្សេងៗទៀត។ ក្រសួងសង្កត់ធ្ងន់ថា គ្រឿងស្រវឹងក៏បង្កឱ្យ មានផលប៉ះពាល់រយៈពេលវែងដូចជា៖ ជំងឺក្រិនថ្លើម ខូចថ្លើម ជំងឺមហារីកមាត់ បំពង់ក បំពង់អាហារ ថ្លើម ពោះវៀនធំ សុដន់ មហារីកឈាម ប្រព័ន្ធភាពស៊ាំចុះខ្សោយ ងាយធ្លាក់ខ្លួនឈឺដោយសារការបង្ករោគ។ ការទទួលទានគ្រឿងស្រវឹងក៏អាចធ្វើឱ្យមានបញ្ហាសុខភាពផ្លូវចិត្តដូចជា ជំងឺថប់បារម្ភ (Anxiety) ជំងឺធ្លាក់ទឹកចិត្ត (Depression) មានជំងឺ វង្វេងពេលឈានចូលវ័យចំណាស់ (Dementia)

 

បន្ថែមពីនេះទៅទៀត ការប្រើប្រាស់យូរ អាចក្លាយជាបុគ្គលញៀនគ្រឿងស្រវឹង អសមត្ថភាពផ្លូវភេទ ជំងឺបេះដូង និងសរសៃឈាម ជំងឺសរសៃឈាមខួរក្បាល(ស្ទះ ឬបែកសរសៃឈាមខួរក្បាល) ជំងឺខ្សោយសាច់ដុំ និងឆ្អឹង រីឯទារកមានការលូតលាស់មិនប្រក្រតី នៅក្នុងផ្ទៃស្ត្រីប្រើប្រាស់គ្រឿងស្រវឹងអំឡុងពេលពរពោះ។ ទន្ទឹមនឹងនោះក៏អាចកើតមាន ជំងឺមិនឆ្លងផ្សេងៗដូចជា លើសជាតិអាស៊ីត លើសសម្ពាធឈាម លើសជាតិខ្លាញ់ក្នុងឈាម លើសជាតិស្ករ (ជំងឺទឹកនោមផ្អែម) និងអាចវិវត្តទៅរកផលវិបាក ធ្ងន់ធ្ងរ ស្លាប់មុនអាយុ ។ លើសពីនេះ វាអាចបណ្តាលឱ្យយុវវ័យឈានទៅរកការប្រើប្រាស់គ្រឿងញៀន និងថ្នាំជក់ ដែល ប្រាសចាកពីសីលធម៌សង្គម ឬបង្កឱ្យមានផលប៉ះកើតមានអំពើហិង្សា ការប្រព្រឹត្តបទឧក្រិដ្ឋ ជម្លោះបុគ្គល ជាដើម។ ម៉្យាងវិញទៀតការទទួលទានគ្រឿងស្រវឹង ក៏អាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងការខាតបង់ផ្សេងៗ។ល៕