• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ករណីវាយប្លន់ក្នុងតំបន់បឹងកក់កាលពីយប់មិញ គឺជារឿងប្រឌិតឡើងដោយបុរសរងគ្រោះ

ភ្នំពេញ៖ករណីវាយប្លន់ក្នុងតំបន់បឹងកក់ កាលពីយប់មិញ គឺជារឿងប្រឌិតឡើងដោយបុរសរងគ្រោះ ខណៈម៉ូតូត្រូវបានយកទៅផ្ញើនៅ ក្នុងសណ្ឋាគារភ្នំពេញ នេះបើតាមការអោយដឹងពីសមត្ថកិច្ចនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ ។

គួររម្លឹកផងដែរថា​ កាលពីវេលាម៉ោង៨និង៥០នាទី យប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បុរសម្នាក់ ឈ្មោះ​ លី​ រ៉ូហ្សា ភេទប្រុស បានប្រឌិតថា រូបខ្លួនបានជិះម៉ូតូ PCX ពណ៌ស ស៊េរីឆ្នាំ២០២២ ដែលមានស្លាកលេខ ភ្នំពេញ 1JW-4567 ធ្វើដំណើរតាមបណ្តោយផ្លូវបឹងកក់ ឆ្ពោះទៅកាន់ប៉ែកខាងមុខនៃរ៉ូយាល់ត្រេនស្វែរ ដោយឌុបកូនស្រីរបស់ខ្លួន ខណៈពេលកំពុងឌុបកូនដល់ចំណុច រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏មានក្រុមជនសង្ស័យជិះម៉ូតូ ADV និងម៉ូតូហុងដាឌ្រីម ជិះមកជិតគាត់ ដោយធ្វើសកម្មភាពវាយក្បាលគាត់ពីក្រោយ ភ្លាមៗនោះបុរសរងគ្រោះបានលោតចេញពីម៉ូតូដោយអោបកូនស្រីរបស់គាត់ជាប់ ដោយខ្លាចមានរបួស ទើបជនសង្ស័យឆ្លៀតឱកាសយកទាំងម៉ូតូ និងទូរស័ព្ទបានសម្រេច ។

បន្ទាប់ពីកើតហេតុរួច នៅព្រឹកថ្ងៃទី១១ខែមករា​ ឆ្នាំ២០២៤​ ទើបសមត្ថកិច្ចស្រាវជ្រាវដឹងថា​ គ្មានករណីប្លន់ម៉ូតូកើតឡើងទេ​ ហើយនៅម៉ោងកើតហេតុ​ បុរសឈ្មោះ​ លី​ រ៉ហ្សា​ បានជិះម៉ូតូយកទៅផ្ញើរក្នុងសណ្ឋាគារភ្នំពេញ​ ។

ទោះបីជាយ៉ាងណា ជុំវិញករណីខាងលើនេះ CPC NEWS នៅមិនទានអាចសុំការបំភ្លឺបន្ថែមចំពោះមូលហេតុដែលបុរសខាងលើប្រឌិតរឿងនេះឡើងមក នៅឡើយ ៕