• Cambodia Peace Channel

គន្លឹះ​៥ចំណុច​ ក្នុង​ការ​សម្រេចចិត្ត​ដោយ​ត្រឹមត្រូវ​

ក្នុងដំណើរជីវិតរបស់មនុស្សម្នាក់ៗ បានជួបរឿងជាច្រើន ខុសគ្នាៗ ហើយគ្មាននរណាដឹងច្បាស់ជាងខ្លួនយើងនោះទេ ប៉ុន្តែបើទោះយើងដឹងពីខ្លួនឯងប៉ុណ្ណា ក៏នៅមានពេលខ្លះ សម្រេចចិត្តខុសដែរ ។

កត្តាទាំងនេះអាចមកពីយើងខ្វះនូវគោលជំហរសម្រាប់ការធ្វើសេចក្តីសម្រេចចិត្ត ហើយពេលខ្លះបែរជាពឹងអ្នកដទៃសម្រេចជំនួសទៅវិញ។

ខាងក្រោមនេះជាគោលការណ៍ខ្លះៗជំនួយការសម្រេចចិត្តរបស់អ្នកឲ្យបានត្រឹមត្រូវនិងមានប្រសិទ្ធភាព​ ៖

១.សម្រេចចិត្តដោយមិនផ្អែកលើអារម្មណ៍

កុំសន្យានៅពេលដែលអ្នកសប្បាយចិត្ត កុំធ្វើការសម្រេចចិត្តនៅពេលដែលអ្នកកំពុងតែខឹងឬមួម៉ៅ ។ អ្នកមិនត្រូវធ្វើការសម្រេចចិត្តដោយសារតែ ស្រលាញ់​ ចូលចិត្ត ស្អប់ដោយកំហឹងគុំកួន ឬសម្រេចចិត្តដើម្បីផលប្រយោជន៍នរណាម្នាក់ ឬក្រុមណាមួយនោះទេ។

២.គោលជំហរ

ត្រូវមានគោលជំហរខ្លួនឯងឲ្យបានច្បាស់លាស់ក្នុងការសម្រេចចិត្ត ដោយមិនត្រូវធ្វើការសម្រេចចិត្តតាមអ្វីដែលអ្នកដទៃ បង្ខំ ជំរុញ ឬគំរាមកំហែងណាមួយនោះទេ។ ប៉ុន្តែក៏មិនត្រូវទាត់ចោលគំនិតពួកគេទាំងស្រុងនោះដែរ ពោលត្រូវយកមកពិចារណា រួចសឹមធ្វើការសម្រេចចិត្តដោយខ្លួនឯង។

៣. ត្រូវគិតពិចារណាឲ្យបានស៊ីជម្រៅមុននឹងសម្រេចចិត្ត

អ្នកគួរតែគិតពិចារណា វិភាគ វែកញែក​រកហេតុផល គុណសម្បត្តិ និងគុណវិបត្តិឲ្យបានគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់មុននឹងសម្រេចចិត្តធ្វើអ្វីមួយ។

៤.រកប្រភពដែលអ្នកទុកចិត្តដើម្បីជួយពិគ្រោះយោបល់

ក្រៅពីគំនិតដែលអ្នកបានគិតស៊ីជម្រៅហើយនោះ អ្នកគួរតែរកមិត្តភក្តិ បងប្អូន គ្រូបង្រៀន ឬអ្នកជំនាញមកពិភាក្សាជួយផ្តល់ជាគំនិត និងយោបល់ ដើម្បីឲ្យការសម្រេចចិត្តនោះកាន់តែមានប្រិសទ្ធភាពខ្ពស់។

៥.ទទួលខុសត្រូវលើការសម្រេចចិត្តរបស់ខ្លួន

អ្នកត្រូវតែទទួលខុសត្រូវដោយខ្លួនឯងចំពោះការគិត និងការសម្រេចចិត្តរបស់អ្នក បើទោះជា អ្នកទទួលបានលទ្ធផលល្អ ឬមិនល្អយ៉ាងណាក៏ដោយ ហើយមិនត្រូវស្តីបន្ទោសខ្លួនឯង ឬនរណាម្នាក់នោះទេ ព្រោះនេះវាជាជម្រើសដែលអ្នកបានជ្រើសរើស៕